ភ្នំពេញ ៖ ក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អ៊ិចផត ឯ.ក (T R E IMPORT EXPORT CO., LTD.) និង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការគ្នាទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។

ពិធីចុះហត្ថលេខាលើលើកិច្ចព្រមព្រៀងសហការរវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព ជាមួយក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អ៊ិចផត ឯ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ , ឯកឧត្តមឧត្តមសេនីយ៍ លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃ គ.ប.ផ.ក ជាតំណាងរបស់ គ.ប.ផ.ក និងភាគីក្រុមហ៊ុន តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អ៊ី អ៊ីមផត អ៊ិចផត ឯ.ក (TRE)។

ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានលើកឡើងពីការរាលដាល ជំងឺកូវីដ១៩ ដោយខណៈពេលដែលសាកលលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួប មានករណីជំងឺកូវីដ១៩ ដែលស្ថិតក្នុងស្ថានភាពដ៏ពិបាកនេះ ក៏មានជនខិលខូចមួយចំនួនបានលួចនាំចូល និងចកចាយនូវឧបករណ៍បរិក្ខាពេទ្យ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគ ដែលគ្មានប្រភពច្បាស់លាស់ គ្មានគុណភាពគ្រប់គ្រាន់ ដោយពុំទានទទួលបានលិខិតអនុញ្ញាតពីក្រសួងស្ថាប័នមានសមត្ថកិច្ចនៅឡើយទេ ហើយសកម្មភាពនេះ គឺជាអំពើខុសច្បាប់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋយើង។

ឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បន្តថា ដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុនដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ គឺយើងត្រូវតែទទួលស្គាល់ និងលើកទឹកចិត្តឲ្យបន្តសកម្មភាពធុរកិច្ចរបស់ខ្លួនឲ្យបានកាន់តែរីកចម្រើនថែមទៀត ចំណែឯបងប្អូនមិនទាន់មានច្បាប់ទម្លាប់ត្រឹមត្រូវ ត្រូវប្រញាប់ទៅបំពេញបែបបទ ចុះបញ្ជីស្នាមត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋយើងដែលជាអ្នកប្រើប្រាស់បានទទួលនូវផលិតផល និងសេវាកម្មដែលមានគុណភាពល្អ ហើយស្របច្បាប់។

លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អ៊ី បានឲ្យដឹងថា ក្រុមហ៊ុន ធី អ អ៊ី គឺជាក្រុមហ៊ុនស្របច្បាប់ដែលបាននាំចូលផ្តាច់មុខ និងចែកចាយផលិតផលគ្រឿងសម្អាង ចំណីអាហារ និងផលិតជំនួយសុខភាពពីបណ្តាប្រទេសនៅប៉ែកអាស៊ី និងអឺរ៉ុប មានដូចជា ប្រទេសអ៊ីតាលី ថៃ កូរ៉េ បារាំង ជាដើម។

លោកស្រីបន្តថា ដោយមើលឃើញពីស្ថានភាពការរីករាលដាលនៃផលិតផលក្លែងក្លាយ និងខុសច្បាប់ ដែលប៉ះពាល់នឹងសុវត្ថិភាព ទើប គ.ប.ផ.ក រៀបចំឲ្យមានកិច្ចព្រមព្រៀងសហការ រវាង គ.ប.ផ.ក និងក្រុមហ៊ុន គឺដើម្បីធ្វើកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការនាំចូលការផលិត និងចែកចាយនូវផលិតផលដែលក្លែងក្លាយ និងខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីជួយការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន ការប្រកបអាជីវកម្ម និងរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុ និងបេសកកម្មថែរក្សាលើកកម្ពស់សុខភាព សាធារណៈជូនប្រជាពលរដ្ឋ។

លោកស្រី តែ ស៊ូអេង អគ្គនាយិកាក្រុមហ៊ុន ធី អ អ៊ី បន្ថែមថា បន្ថែមលើសពីនេះទៅទៀត កន្លងមក ក្រុមហ៊ុន ធី អ អ៊ី ក៏បានចូលរួមចំណែកក្នុងធ្វើការងារមនុស្សធម៌ និងសង្គមកិច្ចជាច្រើនផងដែរ ដោយសារទស្សនៈវិស័យរបស់ក្រុមហ៊ុនទៅថ្ងៃខាងមុខ មិនត្រឹមតែពង្រឹងតែលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលតែត្រឹមប៉ុណ្ណោះទេ តែក្រុមហ៊ុនក៏បានគ្រោងនឹងត្រៀមចូលរួមចំណែកឲ្យបានកាន់តែច្រើននៅក្នុងការជួយដល់សង្គមជាតិ ដូចជា លើកស្ទួយស្រ្តីក្នុងការបង្កើនប្រាក់ចំណូលឲ្យបានកាន់តែច្រើនដូចបុរស រូមចំណែកលើកស្ទួយវិស័យអប់រំ ថែរក្សាការពារបរិស្ថាន យុទ្ធនាការប្រឆាំងគ្រឿងញៀន និងសម្មភាពផ្សេងៗជាច្រើនទៀត ដែលយើងអាចធ្វើទៅបានដើម្បីសង្គមជាតិយើង។

គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានប្រតិបត្តិការបង្ក្រាប និងបំផ្លាញចោលផលិតផលខុសច្បាប់ជាច្រើន និងមានចំនួនរាប់រយតោន រួមមាន ផលិតផលឱសថគ្រឿងសម្អាង ផលិតផលប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ខុសច្បាប់ និងខូចគុណភាពជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាច្រើននាក់ផងដែរ៕
