Tuesday, November 25, 2025
Homeព័ត៌មានជាតិផូងៗហើយ បើកម៉ូតូចេញបាត់អស់ គ្មានខ្លាចអីបន្តិច

ផូងៗហើយ បើកម៉ូតូចេញបាត់អស់ គ្មានខ្លាចអីបន្តិច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានដកកាំភ្លើងបាញ់គំរាមក្រុមអ្នកបើកបររថយន្ត១ក្រុម ចំនួន២គ្រាប់ បណ្តាលឱ្យផ្លាតគ្រាប់ត្រូវចំដៃ បុរសជាអ្នកដំណើរម្នាក់រងរបួសស្រាល រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ចំណែកបុរសរងគ្រោះក៏បានចាកចេញទៅបាត់ដែរ ទុកឱ្យសមត្ថកិច្ចមកដល់បានត្រឹមរើសសំបកគ្រាប់ យកទៅរក្សាទុកប៉ុណ្ណោះ។

ករណីផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចទល់មុខវិទ្យាល័យទួលស្វាយព្រៃ តាមផ្លូវលេខ១៩៩ កែងនឹងផ្លូវលេខ៣៦៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

តាមសម្តីយុវជនម្នាក់ឈ្មោះហេង ចាន់តារា អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានបើករថយន្ត១គ្រឿងទៅសណ្តោងរថយន្ត១គ្រឿងទៀត ដែលខូចនៅម្តុំសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់ យកមកកន្លែងនៅម្តុំវិទ្យាល័យទួលស្វាយព្រៃ។

យុវជនរូបនេះ បន្តថា ខណៈរូបគេសណ្តោងរថយន្តមកដល់កន្លែង ក៏ស្រាប់តែមានបុរស២នាក់បានជិះម៉ូតូចំនួន២គ្រឿង ក្នុងនោះ១គ្រឿងម៉ាកស្កុបពី និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ មិនចាំស្លាកលេខដូចគ្នា បានជិះមកឈប់ រួចហើយបុរសម្នាក់ដែលជិះម៉ូតូស្កុបពី បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ឡើងទៅលើមេឃ១គ្រាប់គំរាមពួកគេដោយមិនដឹងមូលហេតុ។

យុវជនខាងលើបន្ថែមថា លុះបន្តិចក្រោយមក បុរសជាខ្មាន់កាំភ្លើងបានបាញ់ភ្ជុចដី១គ្រាប់ទៀត បណ្តាលឱ្យផ្លាតគ្រាប់ទៅត្រូវអ្នកដំណើរម្នាក់បណ្តាលឱ្យរបួសដៃស្រាល ហើយភ្លាមៗនោះជនបង្កទាំង២នាក់ក៏បានជិះម៉ូតូគេចខ្លួនបាត់អស់តែម្តងទៅ។ នៅពេលនោះដែរ ជនរងគ្រោះដែលរងរបួសដៃបន្តិច ក៏បន្តដំណើរទៅមុខបាត់ដែរ។

ក្រោយកើហេតុមួយសន្ទុះ គេឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ រួចក៏បានរកឃើញសំបកកាទុស្សចំនួន២គ្រាប់ តែមិនទាន់ដឹងថា ជាសំបកគ្រាប់ប្រភេទកាំភ្លើងអ្វីនោះទេ និងបានធ្វើការសាកសួរសាក្សីនៅកន្លែងកើតហេតុ ព្រមទាំងពិនិត្យទីតាំងនោះរួចរាល់ ក៏បានយកសំបកគ្រាប់នោះ ទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕

RELATED ARTICLES