Tuesday, November 25, 2025
Homeព័ត៌មានជាតិចាប់ទាហានផ្កាយ៤សេះហោះម្នាក់ ក្រោយពេលដើរអួតក្អេងក្អាងពេញភូមិ

ចាប់ទាហានផ្កាយ៤សេះហោះម្នាក់ ក្រោយពេលដើរអួតក្អេងក្អាងពេញភូមិ

ខេត្តបាត់ដំបង ៖ បុរសម្នាក់នៅសុខៗក៏បានទៅកាត់សម្លៀកបំពាក់ឯកសណ្ឋានជាមន្ត្រីយោធា និងថែមទាំងទិញស័ក្តិស្មា (ផ្កាយ៤ក្លែងក្លាយ) មកពាក់ដើរបង្អួតគេឯងសម្ញែងឬកពេញភូមិ ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនយោធាផ្កាយ៤ក្លែងក្លាយខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង។

ជនសង្ស័យស្លៀកឯកសណ្ឋានយោធាបន្លំខ្លួនពាក់ផ្កាយ៤ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះណាំ កប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវាលទេ ឃុំត្រាង ស្រុកកំរៀង។

តាមប្រភពពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានឱ្យដឹងថា កម្លាំងអាវុធហត្ថពិតជាបានបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវឯកសណ្ឋានជាអាទិ៍ ដោយប្រើឯកសណ្ឋានយោធា សក្តិនាយឧត្តមសេនីយ៍ប្រាកដមែន ដោយនៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះណាំ កប។

ក្នុងនោះកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង រួមមាន ស័ក្តិស្មាផ្កាយ៤ ចំនួន១គូ សក្តិអាវប្រយុទ្ធចំនួន១គូ ស្លាកឈ្មោះនាយឧត្តមសេនីយ៍ចំនួន១ មេដាយចំនួន១កំប្លេ ឯកសណ្ឋានប្រយុទ្ធចំនួន១កំប្លេ សញ្ញាសំគាល់នាយឧត្តមសេនីយ៍ចំនួន១គូ និងស្លាកឈ្មោះហង់ សំណាង ចំនួន១។

បច្ចុប្បន្ន កម្លាំងអាវុធហត្ថជំនាញកំពុងធ្វើកំណត់ហេតុ រួចបន្តស្រាវជ្រាវ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES