ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤៩គ្រួសារ នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ដែលទទួលរងនូវការខូចខាតដោយសារការបំផ្ទុះគ្រាប់បំបែកយកថ្មពីភ្នំត្មាតពង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។

នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋរងគ្រោះទាំង៤៩គ្រួសារ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត នឹងជួយរកដំណោះស្រាយសម្របសម្រួលជាមួយខាងភាគីក្រុមហ៊ុន ដើម្បីធ្វើការដោះស្រាយសំណងដោយការជួសជុលផ្ទះជូនប្រជាពលរដ្ឋទាំងអស់ឡើងវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមគង់ សោភ័ណ្ឌ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំង៤៩គ្រួសារ ក្នុង១គ្រួសារទទួលបាននូវថវិកាចំនួន១០០$ (មួយរយដុល្លាអាមេរិក) សរុបចំនួន៤៩០០ដុល្លារ៕


