Tuesday, November 25, 2025
Homeព័ត៌មានជាតិសន្យាចូលស្តីដណ្តឹងចៅ លួចម៉ូតូតាយកទៅបាត់

សន្យាចូលស្តីដណ្តឹងចៅ លួចម៉ូតូតាយកទៅបាត់

ខេត្តកណ្តាល ៖ បុរសកំហូចម្នាក់បានទាក់ទងស្នេហាជាមួយនឹងនារីក្រមុំម្នាក់ និងថែមទាំងបានមកលេងដល់ផ្ទះខាងស្រីជួបមុខចាស់ទុំព្រមទាំងសន្យាថា នឹងចូលស្តីដណ្តឹងនាងធ្វើជាប្រពន្ធទៀតផង លុះដឹងថា ក្រុមគ្រួសារខាងស្រីទុកចិត្តក៏បែកគំនិតប្រើល្បិចស៊ីដាច់ម៉ូតូរបស់ជីតាសង្សារខ្លួនអស់ចំនួន២គ្រឿង ទីបំផុតជនរងគ្រោះដឹងគំនិតខូចរបស់ជនសង្ស័យ ក៏ប្តឹងសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង។

ការចាប់ខ្លួនជនសង្ស័យជើងល្អពូកែឆបោកខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។

ជនរងគ្រោះមានឈ្មោះសាន់ ទាល់ ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានលំនៅក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ។

ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហ្វា លីគ្រីយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានលំនៅភូមិភ្នំខៀវ ឃុំអូគ្រាង ស្រុកសំបូរ ខេត្តក្រចេះ។

ចំណែកសម្ភារបាត់បង់ រួមមាន ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ចំនួន១គ្រឿង ពុំចាំស្លាកលេខនិងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ចំនួន១គ្រឿង ពុំចាំស្លាកលេខ។ រីឯវត្ថុតាងចាប់យក រួមមាន ត្បូងពណ៌ចំនួន៤កញ្ចប់ និង២គ្រាប់។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះហ្វា លីគ្រីយ៉ា បានទំនាក់ទំនងស្នេហាជាមួយចៅស្រីជនរងគ្រោះមួយរយៈពេលមកហើយ និងធ្លាប់បានមកលេងផ្ទះជនរងគ្រោះឈ្មោះសាន់ ទាល់ ទៀតផង ហើយបានសន្យាថា នឹងឱ្យឪពុកម្តាយចូលស្តីដណ្តឹងចៅស្រីជនរងគ្រោះថែមទៀត។

បន្ទាប់ពីបានស្គាល់គ្នាមួយរយៈពេលហើយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ២រសៀល ជនសង្ស័យក៏បានមកសុំទិញម៉ូតូពីជនរងគ្រោះចំនួន១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពុំចាំស្លាកលេខ ហើយជនរងគ្រោះក៏ព្រមលក់ក្នុងតម្លៃ៤០០ដុល្លារ។ នៅពេលនោះជនសង្ស័យពុំបានឱ្យប្រាក់ភ្លាមទេ ថែមទាំងសុំខ្ចីប្រាក់ចំនួន១០០ដុល្លារ ពីជនរងគ្រោះទៀតផង។

បន្ទាប់មក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យក៏បានមកលេងផ្ទះជនរងគ្រោះ និងបានយកត្បូងពណ៌ខៀវមកឱ្យជនរងគ្រោះទុកលក់ ពេលបានប្រាក់ចែកគ្នាចាយ ហើយជនរងគ្រោះក៏ពុំបានទារប្រាក់ថ្លៃលក់ម៉ូតូដែរ។

មកដល់ថ្ងៃទី២៦ ខែឆ្នាំដដែល ជនសង្ស័យក៏បានមកសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ចំនួន១គ្រឿង ពុំចាំស្លាកលេខ ដោយបាននិយាយថាជិះទៅយកត្បូងមកឱ្យជនរងគ្រោះបន្ថែមទៀត ហើយជនរងគ្រោះក៏ព្រមឱ្យទៀត។

លុះស្អែកឡើងថ្ងៃទី២៧ ខែឆ្នាំដដែល ជនសង្ស័យក៏បានយកត្បូងពណ៌ខៀវចំនួន២គ្រាប់ មកឱ្យជនរងគ្រោះ តែពុំបានយកម៉ូតូឱ្យទេ ដោយប្រាប់ថា ត្រូវគេវាយយកម៉ូតូនោះបាត់ហើយ។

លុះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១យប់ ស្រាប់តែជនសង្ស័យបានមកផ្ទះសង្សារខ្លួនដែលជាចៅស្រីជនរងគ្រោះ ហើយពុំបានយកម៉ូតូមកឱ្យជនរងគ្រោះវិញទេ ទើបជនរងគ្រោះយល់ថាឈ្មោះហ្វា លីគ្រីយ៉ា ឆបោកម៉ូតូខ្លួនទៅបាត់ហើយ ទើបឱ្យបងប្អូនកូនក្មួយនាំគ្នាចាប់ជនសង្ស័យទុក និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ តែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្បូង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់កាតាមនីតិវិធី៕

RELATED ARTICLES