ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះផូ ណូរិន អាយុ៤៦ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយត្រូវបានចាប់ខ្លួនពាក់ករណីចេញមូលទានបត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយ)។
សូមបញ្ជាក់ថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនសង្ស័យឈ្មោះផូ ណូរិន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។

ការចាប់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ រឿងជនសង្ស័យឆបោកប្រាក់ដោយបានចេញមូលទានបត្រគ្មានសាច់ប្រាក់ សរុប១៥០០០០ដុល្លារ ដោយមានភ្ជាប់ទាំងឯកសារសែកស្អុយមកជាមួយជាភស្តុតាងផងដែរ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើបានប្រើល្បិចបញ្ចុះបញ្ចូលឱ្យជនរងគ្រោះជឿទុកចិត្តលើខ្លួន ទើបឈានដល់ប្រើកលល្បិចចេញស្អែកស្អុយបោកជនរងគ្រោះ ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចនគបាលនាយកព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការតាមច្បាប់តែម្តង៕