Tuesday, November 25, 2025
Homeព័ត៌មានជាតិពលរដ្ឋខ្មែរ១២នាក់ ទាក់ទងផ្ទាល់អ្នកកើតកូវីដ-១៩ ធ្វើតេស្តអវិជ្ជមាន

ពលរដ្ឋខ្មែរ១២នាក់ ទាក់ទងផ្ទាល់អ្នកកើតកូវីដ-១៩ ធ្វើតេស្តអវិជ្ជមាន

ខេត្តកណ្តាល ៖ ក្រុមប្រជាពលរដ្ឋដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ-១៩ និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅក្នុងវិទ្យាល័យហ៊ុនសែន តាខ្មៅ ត្រូវបានធ្វើតេស្តជាលើកចុងក្រោយ ដោយលទ្ធផល “អវិជ្ជមាន” មានន័យថា មិនមានឆ្លងកូវីដ-១៩ឡើយ និងត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយ កាលពីនៅវេលាថ្ងៃត្រង់ទី០៦ ខែមេសា ឆ្នាំ២០២០ ក្រោមការជូនដំណើរនិងជួយឧបត្ថម្ភពីសំណាក់ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។

ស្ថិតនៅក្នុងឱកាសនេះ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់ពលរដ្ឋទាំង១២នាក់ សូមថែទាំសុខភាពឱ្យបានល្អ ហាត់ប្រាណជាប្រចាំ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល។

ពេលទៅផ្ទះ សូមស្នាក់នៅដាច់ដោយឡែកសិន កុំនៅជិតគេជិតឯងរយៈពេល១៤ថ្ងៃទៀត ដើម្បីបង្គ្រប់កិច្ចឱ្យអស់ចិត្ត ដ្បិតលោកបានជាសះស្បើយហើយក្តី ប៉ុន្តែត្រូវតែការពារខ្លួន និងគ្រួសារមួយដំណាក់កាលទៀត ធ្វើយ៉ាងការពារកុំឱ្យមានបញ្ហាផ្សេងៗទៀត។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសាររបស់បងប្អូនទាំង១២នាក់ សូមរក្សាគម្លាតនិងការពារខ្លួនទាំងអស់គ្នា ហើយពិសេសផ្តល់អាហារមានវីតាមីន សារធាតុចិញ្ចឹមដល់គាត់ឱ្យបានគ្រប់គ្រាន់ និងផ្តល់សម្ភារការពារខ្លួន ដូចជា ម៉ាសក៍ ទឹកសម្លាប់មេរោគ ឬសាប៊ូដល់គាត់ ដើម្បីឱ្យគាត់រក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន។

ឯកឧត្តមគង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា “ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ដល់ប្រជាពលរដ្ឋទាំងអស់ ដោយបារម្ភគិតគូរខ្លាចពលរដ្ឋមានជំងឺ។ បើមានឈឺ គឺពេទ្យទាំងអស់ត្រូវខិតខំព្យាបាលឱ្យជាសះស្បើយ ហើយការព្យាបាលនេះសម្តេចតេជោ ពុំអនុញ្ញាតឱ្យគិតសេវានោះទេ ពោលគឺដោយឥតគិតថ្លៃ ធ្វើយ៉ាងណាគិតគូរពលរដ្ឋ ជាធំ”។

ទន្ទឹមនឹងសារនេះផងដែរ លោកហ៊ីម អះម៉ាត់ តំណាងពលរដ្ឋទាំង១២នាក់ សុទ្ធតែជាអ្នកភូមិបារ៉ែនក្រោម ឃុំឈើទាល ស្រុកស្អាង បានលើកម្រាមដៃ១០ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដល់កូនចៅប្រជារាស្ត្រ មិនថាមានទុក្ខលំបាកយ៉ាងណាទេ ក៏ឃើញសម្តេចទាំងទ្វេតែងតែនៅជាប់ ជួយកូនចៅប្រជារាស្ត្រជានិច្ច។

ពួកគាត់ក៏សូមអរគុណដល់លោកអភិបាលខេត្តកណ្តាល គង់ សោភ័ណ្ឌ ក្រុមគ្រូពេទ្យទាំងអស់ ព្រមទាំងក្រសួងសុខាភិបាល ដែលព្យាយាមជួយព្យាបាល និងយកចិត្តទុកដាក់ឧបត្ថម្ភជួយជ្រោមជ្រែង លើកទឹកចិត្តដល់អ្នកជំងឺ ព្រមទាំងក្រុមគ្រួសារឱ្យផុតពីទុក្ខលំបាក ព្រមទាំងឧបត្ថម្ភផ្សេងៗទៀតជាច្រើនផងដែរ។

លោកក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់សូមកុំរើសអើងគ្នា ប៉ុន្តែជំនួសមកវិញការអាណិតអាសូរ ជួយជ្រោមជ្រែងគ្នាតាមដែលអាចធ្វើទៅបាន និងសូមចូលរួមការពារខ្លួនការរីករាលដាលជំងឺនេះ កុំឱ្យកើតមានបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គួរជម្រាបថា ពលរដ្ឋទាំង១២នាក់នេះ ជាមនុស្សដែលមានការស្និតស្នាលនឹងលោកទូ ទ្រេះ ដែលមានផ្ទុកកូវីត-១៩ ហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ១០០ភាគរយ និងអនុញ្ញាតឱ្យទៅផ្ទះវិញកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០៕

RELATED ARTICLES