ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចសហការគ្នាឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពកាក់ប្លន់ស្ត្រីមានផ្ទៃពោះ២ខែ ក្នុងខណ្ឌមានជ័យ បានសម្រេច។

ការចាប់ខ្លួនជនសង្ស័យករណីប្លន់នេះ ធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះជិន អេលីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះលៀន វ៉ាន់រ៉ា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅវេលាម៉ោង១១យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1VH -9157 មានភ្ជាប់ប្រព័ន្ធ GPS ចេញពីផ្ទះ បំណងទៅយកប្តីរបស់ខ្លួននៅឯផ្ទះម្តាយមីង ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះនោះទេ។

ប្រភពបន្ថែមថា លុះទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក កាក់ពីមុខម៉ូតូគាត់ ហើយគំរាមឱ្យចុះពីម៉ូតូ តែគាត់មិនព្រមចុះឡើយ ស្រាប់តែជនម្នាក់ក្នុងចំណោមគ្នាវា បានវាយគាត់មួយដៃចំគល់ដោះខាងស្តាំ ទើបគាត់ភិតភ័យ បានចុះពីម៉ូតូ រួចប្រគល់ជូនលោកចោរយកម៉ូតូទៅតាមសម្រួល សុំតែរួចខ្លួន។

ប្រភពបន្តថា លុះដល់ម៉ោង៩ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ដោយពួកចោរមិនទាន់បានផ្តាច់ GPSជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចចុះព័ទ្ធចាប់ជនសង្ស័យបានម្នាក់ និងដកហូតបានម៉ូតូយកមកវិញ។ ចំណែកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នាំយកទៅសាកសួររកបក្ខពួក និងចាត់ការតាមនីតិវិធីបន្ត៕