Tuesday, November 25, 2025
Homeព័ត៌មានជាតិអភិបាលខេត្តកណ្តាល ជួបអ្នកជាសះស្បើយជំងឺកូវីដ-១៩

អភិបាលខេត្តកណ្តាល ជួបអ្នកជាសះស្បើយជំងឺកូវីដ-១៩

ខេត្តកណ្តាល ៖ លោកគង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនដល់បុរសជនជាតិខ្មែរម្នាក់ដែលមានជំងឺកូវីដ-១៩ (COVID-19) ហើយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ កន្លងមក ត្រូវបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យឱ្យចេញទៅលំនៅដ្ឋានវិញ នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ពិធីនេះបានប្រព្រឹត្តនៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន តាខ្មៅ ដោយមានការអញ្ជើញចូលរួមពីក្រុមគ្រូពេទ្យថែទាំ និងមន្ត្រីក្រុមប្រតិបត្តិសាខាមួយចំនួន។

លោកគង់ សោភ័ណ្ឌ បានថ្លែងផ្តាំផ្ញើទៅកាន់បុរសជនជាតិខ្មែរដែលមានជំងឺកូវីដ-១៩ និងត្រូវបានសម្រាកព្យាបាលរហូតបានជាសះស្បើយថា នៅពេលដែលលោកពូវិលត្រឡប់ទៅដល់លំនៅដ្ឋានវិញ សូមបន្តអនុវត្តនូវការណែនាំរបស់ក្រុមគ្រូពេទ្យឱ្យបានហ្មត់ចត់នូវការថែទាំខ្លួនឯង ដោយការហាត់ប្រាណ ការរក្សានូវអនាម័យខ្លួនប្រាណ និងសូមជួយផ្សព្វផ្សាយបន្តនូវសាររបស់ក្រសួងសុខាភិបាល ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផង។

ជាមួយនឹងការសាកសួរសុខទុក្ខ លោកគង់ សោភ័ណ្ឌ ក៏បាននាំយកនូវអំណោយមួយចំនួន ផ្តល់ជូនបុរសជនជាតិខ្មែរ-អ៊ីស្លាម រូបនោះផងដែរ ដែលក្នុងនោះ រួមមាន អង្ករ៣០គីឡូក្រាម មីខ្លាឃ្មុំ១កេស ទឹកសុទ្ធ១កេស ទឹកផ្លែឈើ១កេស ព្រមទាំងថវិកាចំនួន៥០ម៉ឺនរៀល៕

RELATED ARTICLES