ភ្នំពេញ ៖ បឹងតាមោក (បឹងកប់ស្រូវ) ដែលមានទំហំ៧៥ហិកតារ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានធម្មជាតិសាធារណៈ និងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ជម្រាបមករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៧៥ហិកតារ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានធម្មជាតិសាធារណៈនិងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ។
យោងតាមលិខិតដាច់ដោយឡែកមួយទៀតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ដូចខាងក្រោម៖

រាជរដ្ឋាភិបាលបានយល់ព្រមផ្តល់ដីបឹងតាមោក (បឹងកកប់ស្រូវ) ទំហំ៨ហិកតារ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ដូចមានផែនទីបង្ហាញទីតាំងនិងនិយាមការភ្ជាប់មកជាមួយ) ជូននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីសាងសង់អគារនិងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បម្រើការងារ។
ការសម្រេចយល់ព្រមផ្តល់ដីបឹងតាមោកទំហំ៧៥ហិកតារ ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតសួននិងឧទ្យានធម្មជាតិសាធារណៈនៅរាជធានីភ្នំពេញ និងទំហំ៨ហិកតារ ជូននាយកដ្ឋានកណ្តាលសន្តិសុខ ដើម្បីសាងសង់អគារ

គឺយោងតាមលិខិតលេខ០១៦-០១៧/២០ លស.គ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ , លិខិតលេខ ១២៧-១២៨ ខន/០២០ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា បឹងតាមោក (បឹងកប់ស្រូវ) មានទំហំសរុប៣២៣៥,៧ហិកតារ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាបឹងធម្មជាតិ និងជាអាងស្តុកទឹកដ៏ធំមួយដែលកន្លងមក មហាជនទូទៅ ក៏ដូចជាសង្គមស៊ីវិល អ្នកនយោបាយ រួមទាំងអ្នកសិល្បៈផងដែរ បានសំណូមពរឲ្យរាជរដ្ឋាភិបាលធ្វើការអភិរក្សទុកជាសម្បត្តិធម្មជាតិ ចៀសវាងការចាក់ដីលុបដូចបឹងធម្មជាតិមួយចំនួនទៀត។

ប៉ុន្តែកាលពីខែសីហា ឆ្នាំ២០១៨ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចកាត់ដីចំនួន២០ហិកតារ នៃបឹងតាមោក ធ្វើជាផ្សារបន្លែ (ផ្ទេរពីផ្សារបន្លែផ្សារដើមគ) និងចំណតរថយន្ត៕