Tuesday, November 25, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចហៅចុះណែនាំត្រឹមត្រូវ ស្រាប់តែតៃកុងឡានបញ្ជាអភិបាលរងខណ្ឌ ទូរស័ព្ទទៅជួបថៅកែ

សមត្ថកិច្ចហៅចុះណែនាំត្រឹមត្រូវ ស្រាប់តែតៃកុងឡានបញ្ជាអភិបាលរងខណ្ឌ ទូរស័ព្ទទៅជួបថៅកែ

ភ្នំពេញ ៖ បុរសជាតៃកុងរថយន្តធុនធំ១គ្រឿងបើកបរចូលក្រុងខុសម៉ោងកំណត់ លុះសមត្ថកិច្ចឃាត់សួរនាំ បែរជាមិនព្រមចុះពីលើរថយន្តបញ្ចេញចរិតព្រហើនកោងកាច បញ្ជាឱ្យសមត្ថកិច្ចនិងអភិបាលរងខណ្ឌ ទូរស័ព្ទទៅជួបថៅកែរបស់ខ្លួនទៅ ទីបំផុតសមត្ថកិច្ចសម្រេចប្រើធម៌ក្តៅចាប់អូសទម្លាក់ចុះពីរថយន្តវ៉ៃខ្នោះនាំយកទៅប៉ុស្តិ៍ ពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួន ទើបបញ្ជូនទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២៧១ កែងស្តុប ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងឃាត់រថយន្តធុនធ្ងន់ធំ ដែលចេញចូលក្នុងរាជធានីភ្នំពេញ ខុសម៉ោងចេញចូល នៅចំណុចផ្លូវលេខ២៧១ កែងស្តុប៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពដដែលបន្តថា ក្នុងការចុះពិនិត្យនិងឃាត់រថយន្តធន់ធ្ងន់ធំ ចេញចូលក្នុងរាជធានីភ្នំពេញ ខុសម៉ោងចេញចូលនោះ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តធុនធំសរុបចំនួន២៤គ្រឿងនាំយកទៅអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការចេញចូលរាជធានីភ្នំពេញ បំពានម៉ោងកំណត់។

ប្រភពខាងលើបញ្ជាក់ថា នៅអំឡុងពេលប្រតិបត្តិការខាងលើនេះ មានតៃកុងរថយន្តធុនធំម្នាក់ពេលត្រូវសមត្ថកិច្ចស្ទាក់ឃាត់បានអែបរថយន្តឈប់ ប៉ុន្តែមិនព្រមចុះពីលើរថយន្តមកនិយាយជាមួយសមត្ថកិច្ចសោះ និងថែមទាំងបញ្ចេញចរិតព្រហើនកោងកាច អួតក្អេងក្អាង និយាយមិនចេះស្តាប់គ្នា ព្រមទាំងបញ្ជាឱ្យសមត្ថកិច្ច ពិសេសលោកអភិបាលរងខណ្ឌដែលដឹកនាំកម្លាំងក្នុងប្រតិបត្តិការនោះ ខលទូរស័ព្ទទាក់ទងនិយាយជាមួយថៅកែវិញចុះ ចំណែករូបគេមិនព្រមចុះពីលើរថយន្តដាច់ខាត។

លុះមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់អះអាងថា ត្រូវជាថៅកែរបស់តៃកុងរថយន្តខាងលើបានមកដល់ និងបានសុំទោសសមត្ថកិច្ច ព្រមទាំងទទួលស្គាល់កំហុសយល់ព្រមទៅជាមួយសមត្ថកិច្ចធ្វើកិច្ចសន្យាទៀតផង ហើយក៏បានព្យាយាមប្រាប់ឱ្យតៃកុងរថយន្តរូបនោះចុះមកក្រោមនិយាយជាមួយសមត្ថកិច្ចដែរ តែជនខាងលើមិនខ្ចីស្តាប់នៅតែអង្គុយលើរថយន្តធ្វើហី និងបោះសម្តីថា ខ្លាចសមត្ថកិច្ចវ៉ៃ។

ទីបំផុត ដោយសារតែនិយាយតាមសម្រួលស្តាប់គ្នាមិនបាន ទើបសមត្ថកិច្ចសម្រេចប្រើធម៌ក្តៅចាប់បង្ខំរុញទម្លាក់តៃកុងរថយន្តម្នាក់នោះចុះមកក្រោម លុះមានការរើបម្រះខ្លាំងសមត្ថកិច្ចក៏សម្រេចចាប់វាយខ្នោះនាំជនខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើ និងបានធ្វើតេស្តទឹកនោមពិនិត្យរកសាធាតុញៀនក្នុងខ្លួន ឃើញលទ្ធផលវិជ្ជមាន ពោលគឺតៃកុងរថយន្តធុនធំខាងលើ បើកបរទាំងស្ថានភាពប្រើប្រាស់ថ្នាំញៀន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES