ក្រសួងសុខាភិបាល បានថ្លែងការកោតសរសើរចំពោះគូស្វាមីភរិយាដែលជិតដល់ថ្ងៃចូលរោងការទៅហើយ ត្រូវលើកពេល ដោយសារភ័យខ្លាចនឹងជំងឺកូវីដ-១៩ ព្រោះជាការជួយការពារ និងបង្ការជំងឺកូវីដផងដែរ។

ការថ្លែងការកោតសរសើរនេះ ខណៈដែលលោកជំទាវ ឱ វណ្ណឌីន កំពុងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នវីរុសកូវីដ-១៩ នៅប្រទេសកម្ពុជា។

មកដល់ព្រឹកនេះ ចំនួនអ្នកផ្ទុកមេរោគកូវីដ-១៩ បានកើនឡើងចំនួន២នាក់ទៀតលើជនជាតិម៉ាឡេស៊ី នៅប្រទេសកម្ពុជា ដែលរុបមានចំនួន៣៥នាក់ហើយ។

ការកើនឡើងយ៉ាងខ្លាំងបែបនេះបានធ្វើឲ្យសាមីខ្លួនដែលត្រូវរៀបមង្គលការនៅពេលខាងមុខនេះ បានរំសាយ និងផ្អាកពិធីមង្គលការ ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩។

ដោយឡែក គេក៏សង្កេតឃើញពិធីមង្គលការខ្លះ ក៏ប្រព្រឹត្តទៅដោយមិនសូវមានភ្ញៀវចូលរួមនោះទេ មិនថាតែពិធីជប់លៀងពេល្ងាច សូម្បីតែពិធីហែរជំនូនក៏មិនមានអ្នកចូលរួមផងដែរ។

គួបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសស្នើសុំដល់អភិបាលរាជធានីភ្នំពេញ និងបណ្តាលខេត្ត-ក្រុងទាំងអស់ បិទ KTV រោងភាពយន្ត ក្លឹបកម្សាន្ត ការជួបជុំបែបសាសនា និងការប្រគំតន្ត្រីនានា ដែលមានលក្ខណៈជួបជុំមានមនុស្សច្រើន រហូតដល់ករណីកូវីដ-១៩ បានធូរស្រាលនៅកម្ពុជា៕
