Monday, November 24, 2025
Homeព័ត៌មានជាតិស្នងការថ្មី បញ្ចេញស្នាដៃបង្ក្រាបសិប្បកម្មឈើខុសច្បាប់

ស្នងការថ្មី បញ្ចេញស្នាដៃបង្ក្រាបសិប្បកម្មឈើខុសច្បាប់

ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ដែលទើបនឹងចូលកាន់តំណែងថ្មី បានបញ្ជាឱ្យកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំលោកវរសេនីយ៍ឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មល្មើសច្បាប់ចំនួន២កន្លែងប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់។

លោកវរសេនីយ៍ឯក វ៉ា សុផាន់ បានបន្តឱ្យដឹងថា ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញបានចុះបង្ក្រាបសិប្បកម្មចំនួន២កន្លែង នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ និងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ក៏មានការបង្ក្រាបរថយន្តសាំយ៉ុងដឹករឈើប្រណីតខុសច្បាប់មួយគ្រឿង ប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើផងដែរ។

លោកវរសេនីយ៍ឯកបានបន្តទៀតថា ក្នុងការចុះបង្ក្រាបសិប្បកម្មខុសច្បាប់នេះ សមត្ថកិច្ចបានចុះស្រាវជ្រាវរកឃើញសិប្បកម្មខុសច្បាប់ជាច្រើនកន្លែង តែដោយឡែក៣កន្លែងហាក់បីដូចជាដឹងមុន ពួកគេបានដឹកយកទៅលាក់ទុកអស់ ចំណែកពីរកន្លែងយើងបានចុះដល់ទីតាំង និងរកឃើញឈើប្រភេទសុក្រំ និងឈើផ្ចិតប្រមាណជា៥ទៅ៦ម៉ែត្រគូប ហើយពេលនេះកម្លាំងជំនាញកំពុងតែឈរជើងនៅចំណុចទីតាំងបង្ក្រាបរង់ចាំផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ចុះមកដល់។

សូមបញ្ជាក់ថា បទល្មើសព្រៃឈើនៅក្នុងស្រុកថាឡាបរិវ៉ាត់ ជាពិសេសសិប្បកម្មខុសច្បាប់ ទោះជាមានការបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ តែសិប្បកម្មនោះនៅតែកើតមានបង្ក្រាបមិនចេះអស់ នៅតែកើតមានឥតឈប់ឈរ ដោយសារតែរដ្ឋបាលព្រៃឈើក្នុងស្រុកនោះមិនបានបង្ក្រាប ទើបកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបប្រគល់ជូនដូច្នេះ។

បច្ចុប្បន្នឈើទាំងនេះ សមត្ថកិច្ចកំពុងតែឈរជើងនៅទីតាំងនោះធ្វើកំណត់ហេតុប្រគល់ទៅឱ្យផ្នែករដ្ឋបាលព្រៃឈើថាឡា ដើម្បីយករថយន្តធ្វើការដឹកជញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់ ធ្វើការវាស់វែងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES