លោកសៀក ប៊ុនណារី ដែលជាបុរសស្វះស្វែងជួយការងារសប្បុរសធម៌នោះ បានបង្ហាញការខកចិត្តលោកយាយតាដែលជាឪពុកម្ដាយទី២របស់ក្មេងស្រី ដែលត្រូវម្ដាយយកមកផ្ញើតាំងពីអាយុ៦ថ្ងៃ រហូតពេលនេះអាយុ៦ឆ្នាំទៅហើយនោះថា មិនបានគោររពតាមការសន្យាឡើយ និងថែមទាំងបោកប្រាស់ក្មួយសម្ដេច និងសប្បុរសជនជាច្រើនទៀត ដែលបានបរិច្ចាគថវិកាជួយដល់ក្មួយស្រីកន្លងមក តាមរយៈការទុកចៅនោះរកជំនួយ ចង់ឲ្យមានអ្នកណាមកយកចិញ្ចឹមធ្វើកូន។ ប៉ុន្ដែរពេលនេះមានអ្នកជួយមែនទែន បែរជាលោកយាយតាមិនគោរពតាមសន្យាទៅវិញ។
គួររំលឹកថា នៅលើបណ្ដាញសង្គមមានការបង្ហោះថា ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ត្រូវបានម្ដាយយកមកផ្ញើលោកយាយតាតាំងពីកុមារនោះ មានអាយុ៦ថ្ងៃម្ល៉េះ ប៉ុន្តែរហូតមកដល់ពេលនេះ នាងមានអាយុ៦ឆ្នាំទៅហើយ មិនឃើញម្ដាយក្មេងនោះមករកកូនវិញឡើយ។

ក្រោយមានការចែកចាយនៅលើបណ្ដាញសង្គម បង្ហាញលោកយាយលោកតាជរាពិការកម្សត់តស៊ូចិញ្ចឹមចៅស្រី តាំងពីនៅបាតជើងក្រហម ហើយយាយតាក៏ដង្ហោយសុំជំនួយសង្រ្គោះចៅស្រីឲ្យឆ្លងផុតពីជីវិតមហាសែនកម្សត់ ក្រោមដំបូលធ្លុះធ្លាយរបស់យាយតា នៅភូមិតំណាក់ត្របែក ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត មានមហាជនជាច្រើនសម្ដែងការអាណិតយាយតានិងក្មេងស្រីនោះ។
ពេលនោះលោកយាយតាឈឺទាំងពីររកទីពឹងគ្មាន ហើយពួកគាត់គ្មានចៅបង្កើតទេ មានតែចៅចិញ្ចឹមនេះ ហើយពេលនេះគេមានអាយុ៦ឆ្នាំ ត្រូវការលុយទិញសៀវភៅប៊ិច និងកង់ទៅរៀន សូមឲ្យបងប្អូនជួយចិញ្ចឹមក្មេងស្រីម្នាក់ដែលម្ដាយបោះបង់ចោលនេះផង។

បន្ទាប់ពីឃើញរូបភាពទាំងនោះហើយ លោកសៀក ប៊ុនណ្ណារី ជាអ្នកស្វះស្វែងខាងការងារមនុស្សធម៌ជួយសង្គ្រោះជនចាស់ជរាក្រីក្រនោះ បានប្រកាសថា ពេលនេះក្មេងស្រីដែលម្ដាយយកទៅផ្ញើយាយតានោះ ត្រូវក្មួយសម្ដេចនាយករដ្ឋមន្រ្ដី ឯកឧត្តមឧកញ៉ាឈុន គីមស្រ៊ុន និងលោកជំទាវហ៊ុន សុភា ប្រកាសទទួលយកមកចិញ្ចឹមធ្វើជាកូនព្រោះក្ដីអាណិត។
ក្មេងស្រីអភ័ព្វអាយុ៦ឆ្នាំ ត្រូវបានស្វាគមន៍ពីសំណាក់លោកជំទាវក្មួយលោកនាយករដ្ឋមន្រ្ដី ដោយក្មេងស្រីអភ័ព្វរូបនេះ ថែមទាំងនិយាយដោយរំភើបថា ”ខ្ញុំព្រមរស់នៅទីនោះ ខ្ញុំសប្បាយចិត្ត បានអ្នកមានចិត្តធម៌ ផ្ដល់ក្ដីអាណិតស្រលាញ់ខ្ញុំ ទទួលខ្ញុំមកធ្វើជាកូន”។

មនុស្សជាច្រើនបានអរជំនួសក្មេងស្រីរូបនោះ ដោយចាត់ទុកថា នាងឆ្អឹងអណ្ដែតហើយ ព្រោះបានក្មួយសម្ដេចយកធ្វើជាកូនចិញ្ចឹម តាមរយៈលោកសៀក ប៊ុនណ្ណារី ប៉ុន្ដែពេលនេះក្មួយសម្ដេចបានខកចិត្ត ព្រោះបានស៊ើបដឹងថា យាយតាកុហកលោកមិនផ្ដល់ក្មេងស្រីមកលោកដូចការព្រមព្រៀងឡើយ។
លោកសៀក ប៊ុនណារី បានបង្ហាញការហួសចិត្តថា លោកយាយតាមិនត្រឹមតែកុហកក្មួយសម្ដេច និងបោកប្រាសទឹកចិត្តសប្បុរសធម៌របស់លោកទេ ប៉ុន្តែយាយតាបានកុហកគ្រួសារអភិជនពីរ-បីគ្រួសារទៀត ដែលពួកគាត់បានបរិច្ចាគថវិការជួយក្មេងស្រីកម្សត់ គម្រោងឲ្យគេមានអនាគតល្អ។

លោកបានឲ្យដឹងទៀតថា ដំបូងឡើយ យាយតាបាននាំចៅស្រីមកដល់ផ្ទះក្មួយសម្ដេច ហើយក្មេងស្រីក៏សប្បាយចិត្តទទួលការរស់នៅជាមួយក្មួយសម្ដេចដែរ។ ពេលនោះយាយតា ថាសុំនាំយកចៅលាញាតិ និងពូមីងក្នុងភូមិ តែដឹងអីសុំមួយថ្ងៃ ឥឡូវហួសពេលជាច្រើនថ្ងៃហើយ យាយតាមិននាំចៅមក ហើយទាក់ទងមិនបានទៀត ខណៈក្មួយសម្ដេចស៊ើបដឹងថា យាយតា បោកចិត្ត និងសប្បុរសជនជាច្រើនទៀត ទុកចៅរកជំនួយចង់ឲ្យមានអ្នកផ្សេងណាទៀតមកទទួលយកចិញ្ចឹមធ្វើកូន៕