ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ ដោយធ្វើការឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។
ករណីនគរបាលជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកានាំខ្លួនជនពាក់ព័ន្ធខាងលើ ធ្វើឡើងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ។

របាយការណ៍នគរបាលប៉ុស្តិ៍រដ្ឋបាលលាច ជនសង្ស័យត្រូវបាននាំខ្លួនឈ្មោះនី វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ។
របាយការណ៍នគរបាលបន្តថា ករណីនាំខ្លួនជនសង្ស័យខាងលើ គឺអនុវត្តដីការបង្គាប់ឱ្យចូលខ្លួនលេខ៣៤១ អ.យ ២០២០ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ចេញដោយលោកលី ភារ៉ា តំណាងអយ្យកាអមសាលាដំបូងខេត្តពោធិ៍សាត់។
របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យឈ្មោះនី វណ្ណៈ ជាប់ចោទពីបទ (ឆបោក បទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង) ដែលបានប្រព្រឹត្តឡើងនៅចំណុចភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០១៩៕