ខេត្តតាកែវ ៖ បុរសជាមេបញ្ជាការរងម្នាក់កំពុងដើរត្រួតពិនិត្យមើលបន្ទាយសុខៗ ក៏ស្រាប់តែជួបគ្រោះអកុសលត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការផ្អើលឆោឡោពេញបន្ទាយទាហាន។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណបន្ទាយវរៈសេនាតូចថ្មើជើងលេខ៣១៤ មានទីតាំងស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់។

បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះអ៊ុក ផល្លា អាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីយោធា មានតួនាទីជាមេបញ្ជាការរងអនុសេនាធំខ១០ មានលំនៅក្នុងភូមិជ្រោយស្តែង ឃុំគិរីចុងកោះ ស្រុកគិរីវង់។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលមកប្រចាំការនៅក្នុងបន្ទាយ វរៈសេនាតូចថ្មើរជើងលេខ៣១៤ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងដើរត្រួតពិនិត្យមើលបន្ទាយ ក៏កើតមានបាតុភូតធម្មជាតិរន្ទះបាញ់ចំជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញក្នុងបន្ទាយ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕