ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ និងត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការពាក់ព័ន្ធករណីក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ និងឋានៈតួនាទីជាឧត្តមសេនីយ៍ត្រី ព្រមទាំងកាន់កាប់អាវុធខុសច្បាប់ទៅឆបោកប្រាក់អ្នកដទៃចំនួនជាង១០ម៉ឺនដុល្លារ ដែលត្រូវចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

បុរសខាងលើដែលត្រូវតុលាការចោទប្រកាន់ មានឈ្មោះហ៊ឹម រ៉ាខឆៃយ៉ា អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១៦៣ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។
ជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ និងនាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធដូចការចោទប្រកាន់ចំនួន២បទល្មើសដាច់ដោយឡែកពីគ្នា ទី១-បទល្មើសរំលោភលើទំនុកចិត្តនូវទឹកប្រាក់ប្រមាណ១០៥០០០ដុល្លារ និងបទល្មើសទី២-ប្រើប្រាស់អាវុធដោយខុសច្បាប់និងក្លែងឋានៈតួនាទីឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ (ឧត្តមសេនីយ៍ត្រី)។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា អង្គហេតុក្នុងបទល្មើសទី១-យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះហ៊ុន ចាន់ថុល ភេទស្រី អាយុ៣៨ឆ្នាំ បានប្តឹងចោទប្រកាន់ជនសង្ស័យថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះហ៊ឹម រ៉ាខឆៃយ៉ា ដែលជាអ្នកធ្លាប់ស្គាល់គ្នាបានទៅនិយាយលួងលោមគាត់ (ដើមបណ្តឹង) ដល់ផ្ទះនៅផ្លូវ៣៣៥ ភូមិចម្រើនផល សង្កាត់បឹងកក់២ ខណ្ឌទួលគោក ឱ្យរកប្រាក់ចំនួន១០៥០០០ដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការរកស៊ីរបស់ខ្លួនដោយជនសង្ស័យបានធានាអះអាងថា ក្នុងរយៈពេល១ខែនឹងបង្វិលប្រាក់ឱ្យវិញគ្រប់ចំនួន។
ប្រភពដដែលបន្តថា ផ្ទុយទៅវិញ លុះដល់ថ្ងៃកំណត់ឈ្មោះហ៊ឹម រ៉ាខឆៃយ៉ា បានព្យាយាមគេចវេសមិនទទួលខុសត្រូវ ថែមទាំងបិទទូរស័ព្ទ បណ្តាលឱ្យជួបផលលំបាកក្នុងការទាក់ទងថែមទៀតផង។ ដោយឃើញទង្វើរបស់ជនសង្ស័យមានគំនិតទុច្ចរិតបែបនេះ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះបានអន្ទងឈ្មោះហ៊ឹម រ៉ាខឆៃយ៉ា ឱ្យមកផ្ទះរបស់ខ្លួនដើម្បីជជែកគ្នារឿងប្រាក់ជាង១០ម៉ឺនដុល្លារនោះ ទីបំផុតដូចចូលអន្ទាក់របស់ជនរងគ្រោះចាប់ទុកឱ្យសមត្ថកិច្ចចាត់ការតែម្តង។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យហើយ ការិយាល័យជំនាញស៊ើបការបានបើកការស៊ើបអង្កេតនិងស្រាវជ្រាវ ទើបដឹងថា ជនសង្ស័យឈ្មោះហ៊ឹម រ៉ាខឆៃយ៉ា បានប្រព្រឹត្តបទល្មើសដោយជាក់ស្តែងមួយទៀត គឺប្រើប្រាស់អាវុធដោយខុសច្បាប់និងក្លែងឋានៈតួនាទីក្រមខណ្ឌនគរបាលជាតិ។
តាមចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាផ្តើមគំនិតប្រើប្រាស់ក្លែងឯកសណ្ឋានឋានៈតួនាទីក្រមខណ្ឌនគរបាលជាតិប្រាកដមែន ដែលទង្វើនេះចាប់ផ្តើមតាំងពីអំឡុងឆ្នាំ២០១៦មកម៉្លេះ ហើយអត្តសញ្ញាណបណ្ណនគរបាលជាតិ និងទំរង់ទាំងអស់ គឺខ្លួនបានចម្លងតាមហ្វេសប៊ុកដែលឃើញគេបង្ហោះ ចំណែកស័ក្តិថ្នាក់ឧត្តមសេនីយ៍ខ្លួនបានទិញពីផ្សារមកពាក់ និងអាវុធខ្លីមួយដើម បានមកពីមិត្តភក្តិធ្វើអង្គរក្សផ្តល់ឱ្យ។

យ៉ាងណាក្តី បទល្មើសទាំង២នេះដូចតំណាងអយ្យការបានចោទប្រកាន់ខាងលើ សមល្មមគ្រប់គ្រាន់ដែលតម្រូវឱ្យដាក់ជូនឱ្យចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់៕