ខេត្តកណ្តាល ៖ បុរសម្នាក់បានបិទតូបលក់ទូរស័ព្ទរបស់ខ្លួនចំនួន២ថ្ងៃ ទៅស្រុកធ្វើកម្មវិធីខួបកំណើតឱ្យកូន លុះត្រឡប់មកវិញស្រាប់តែចោរលួចគាស់តូបយកទូរស័ព្ទអស់៥គ្រឿង និងសម្ភារៈផ្សេងៗអស់មួយចំនួន កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ លុះដល់ថ្ងៃទី០៨ ខែឆ្នាំដដែល ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួនបាន។

មន្ត្រីនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះសេម វឹត អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះក្រាញ់ វណ្ណៈ ហៅសល់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទ នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងបានម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ស៊េរីឆ្នាំ២០១៩ ពណ៌ផ្កាឈូកលាយស ១គ្រឿង, ទូរស័ព្ទចំនួន២គ្រឿង, កុំព្យូទ័រ (LED MITSUBISHI) ១គ្រឿង, អាគុយទប់ភ្លើងចំនួន១, ម៉ាស៊ីនកុំព្យូទ័រចំនួន១ និងកាសប៊្លូធូសចំនួន២គ្រឿង ជារបស់ជនរងគ្រោះ។
រីឯសម្ភារៈបាត់បង់មានទូរស័ព្ទចំនួន៥គ្រឿង, កុំព្យូទ័រ (LED MITSUBISHI) ១គ្រឿង, អាគុយទប់ភ្លើងចំនួន១ ម៉ាស៊ីនកុំព្យូទ័រចំនួន១ និងកាសប៊្លូធូសចំនួន២គ្រឿង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបិទទ្វារតូបឈប់លក់២ថ្ងៃ ដោយទៅធ្វើខួបកំណើតឱ្យកូននៅផ្ទះខាងម្តាយនៅផ្លូវជាតិលេខ៣ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង៦និង៣០នាទីព្រឹក ទើបដឹងថា ចោរគាស់តូបលួចអីវ៉ាន់អស់។ ឮដូច្នេះ ជនរងគ្រោះជិះម៉ូតូមកមើលឃើញមានស្នាមរហែកជញ្ជាំងស័ង្កសី បាត់ទូរស័ព្ទនិងសម្ភារៈមួយចំនួន ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងភ្លាមៗតែម្តង។
ក្រោយទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ នគរបាលអធិការដ្ឋានស្រុកអង្គស្នួល រួមទាំងកម្លាំងប៉ុស្តិ៍បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបានតែម្តង ក្រោយពីជនសង្ស័យលួចបានមួយថ្ងៃ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពរថា ខ្លួនពិតជាបានគាស់ហែកជញ្ជាំងតូបលក់ទូរស័ព្ទ ហើយលួចសម្ភារៈក្នុងតូបប្រាកដមែន ហើយរូបគេក៏ទុកទូរស័ព្ទម៉ាកសាំសុង១គ្រឿងប្រើ។ រីឯកុំព្យូទ័រនិងម៉ាស៊ីនយកទៅលក់នៅផ្សារកំពង់ស្ពឺ បាន២០ដុល្លារ។ ចំណែកទូរស័ព្ទចុចពិល២គ្រឿង លក់នៅម្តុំចោមចៅ បានលុយ២ម៉ឺនរៀល។

កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕