Monday, November 24, 2025
Homeព័ត៌មានជាតិអ្នកលក់ទំនិញឡើងថ្លៃ ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់

អ្នកលក់ទំនិញឡើងថ្លៃ ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការផ្លូវច្បាប់

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើទីផ្សារ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពនឹងន កុំមានការជ្រួលច្របល់នាំឱ្យជនឆ្លៀតឱកាសឆ្លៀតយកចំណេញតាមការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។

ជាមួយនេះ ក្រសួងអំពាវនាវដល់អាជីវករកុំលក់ដំឡើងថ្លៃទំនិញ និងព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកលក់ទំនិញឡើងថ្លៃផងដែរ។

សេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នោះមានខ្លឹមសារទាំងស្រុងថា “ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសក្នុងសន្និសីទសារព័ត៌មានស្តីពីការរកឃើញករណី មេរោគ Covid-19 លើបុរសជនជាតិខ្មែរមួយរូបនៅខេត្តសៀមរាប។

ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញធំៗ បងប្អូនអាជីវករអ្នកលក់ដូរទំនិញទូទៅភាគច្រើននៅរក្សាការផ្គត់ផ្គង់ទំនិញ និងបន្តលក់ទំនិញតាមតម្លៃធម្មតា ទោះបីមានប្រជាពលរដ្ឋមួយចំនួនសម្រុកទិញទំនិញច្រើនខុសប្រក្រតីក៏ដោយ។

ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តចំពោះម្ចាស់ហាងទំនិញ និងបងប្អូនអាជីកវរទាំងនោះជាខ្លាំង។

ក្នុងពេលជាមួយគ្នានេះដែរ មានហាងលក់ទំនិញមួយចំនួនតូចបានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញដូចជា ម៉ាសក៍ការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កឱ្យមានចលាចលក្នុងសង្គមធ្ងន់។

ក្នុងស្ថានភាពនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូននិងអំពាវនាវដូចខាងក្រោម ៖

១-សូមប្រជាពលរដ្ឋមេត្តាជ្រាបថា បរិមាណសន្និធិអង្ករ និងស្រូវមិនទាន់កិនដែលមានក្នុងប្រទេស អាចធានាដល់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសទៀតផង (សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវ អង្គរកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម)។

២-សូមប្រជាពលរដ្ឋមេត្តារក្សានូវភាពនឹងន កុំជ្រួលច្របល់ហួសហេតុ នាំឱ្យជនឱកាសនិយមអាចឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល។

៣.សូមម្ចាស់ហាងទំនិញទូទៅ ប្រកាន់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញស្រេចតែអំពើចិត្ត។ ក្នុងករណីរកឃើញភាពមិនប្រក្រតី អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។

សូមជម្រាបជូនផងដែរថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយស្ថាប័នផ្សេងទៀតចាត់វិធានការសមស្របដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើងនៅក្នុងកាលៈទេសៈនេះ។

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញឱ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ។

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ហាងទំនិញ បងប្អូនអាជីវករ និងប្រជាពលរដ្ឋយើង ចូលរួមអនុវត្តតាមសេចក្តីអំពាវនាវនេះ ក្នុងគោលដៅអនុវត្តច្បាប់ជាធរមានផង និងបង្ហាញពីស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ ក្រោមដំបូលសន្តិភាព ដែលប្រជាពលរដ្ឋយើងកំពុងទទួលបានផង៕”

ខៀវទុំ

RELATED ARTICLES