ខេត្តព្រះសីហនុ ៖ បុរសម្នាក់ប្រឹងធ្វើការទាំងយប់ថ្ងៃមិនខ្លាចនឿយហត់ ដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារ ពិសេសប្រពន្ធសរសៃខ្ចីដែលទើបនឹងសម្រាលកូនបាន២០ថ្ងៃប៉ុណ្ណោះ ស្រាប់តែអកុសល ពេលស៊ីឈ្នួលលាបផ្ទះឱ្យគេ ក៏ត្រូវចរន្តអគ្គិសនីឆ្លងចេញពីបង្គោលភ្លើងដែលមានតង់ស្យុងខ្ពស់ឆក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ដោយបន្សល់ទុកប្រពន្ធសរសៃខ្ចីនិងកូនតូច៣នាក់ ក្នុងនោះម្នាក់ទើបនឹងកើតមិនទាន់ស្គាល់មុខឪពុករស់នៅកំព្រាវេទនាគ្មានទីពឹង។

ករណីដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅម្តុំសាលារៀនកំពេញចាស់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូន មានឈ្មោះសុខ រ៉ាមី អាយុ៣១ឆ្នាំ មុខរបរជាងលាបថ្នាំផ្ទះ មានប្រពន្ធឈ្មោះវ៉ា លក្ខិណា អាយុ២៧ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១) ក្នុងនោះ កូនពៅទើបនឹងសម្រាលបាន២០ថ្ងៃប៉ុណ្ណោះ។ គ្រួសារខាងលើមានលំនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រូវបានម្ចាស់ផ្ទះឈ្មោះទូច សុធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ជួលឱ្យឡើងលាបផ្ទះរបស់ខ្លួនដែលស្ថិតនៅជាប់នឹងបង្គោលភ្លើង។ លុះពេលជនរងគ្រោះកំពុងលាបផ្ទះសុខៗក៏ស្រាប់តែចរន្តអគ្គិសនីចេញពីបង្គោលភ្លើងដែលមានតង់ស្យុងខ្ពស់ បានឆក់ជនរងគ្រោះបណ្តាលឱ្យស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់។

ក្រោយកើតហេតុ បន្ទាប់ពីស្ត្រីជាប្រពន្ធបានទទួលដំណឹងថា ប្តីត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមក៏បីកូនតូចទើបនឹងសម្រាល២០ថ្ងៃ ធ្វើដំណើរមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានយំសោកបោកខ្លួនយ៉ាងខ្លាំង ព្រោះតែនឹកស្រណោះអាល័យដល់ប្តីដែលប្រឹងដើរស៊ីឈ្នួលគេទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ព្រោះតែដើម្បីចិញ្ចឹមក្រពះប្រពន្ធកូន បែរជាមកជួបគ្រោះអកុសលត្រូវបាត់បង់ជីវិតបែបនេះទៅវិញ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនីតិវិធី។ ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕