ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានតាមចាប់ខ្លួនបុរសម្នាក់ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួនលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការបង្អើលរឿងជំងឺផ្លូវដង្ហើម COVID-19។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ហាញថា ជនសង្ស័យមានឈ្មោះកូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានមុខរបរអ្នកលក់ទំនិញតាមអនឡាញ និងជាអ្នកជល់មាន់។ ជនសង្ស័យបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Tep Visal។

ក្រោយបង្ហោះវីដេអូឃ្លីបខាងលើនេះ សមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹងជំងឺ COVID-19 រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តង។

ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពទោសកំហុសថា ខ្លួនពិតជាបាននិយាយនិងបង្ហោះខ្លឹមសារយ៉ាងដូច្នេះមែន។ បន្ទាប់ពីការសួរនាំរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕


