ខេត្តពោធិ៍សាត់ ៖ ក្មេងប្រុសម្នាក់ឆ្លៀតពេលទំនេរពីការរៀនសូត្របានទៅអង្គុយស្ទូចត្រីនៅមាត់ស្រះទឹកខាងក្រោយផ្ទះ ស្រាប់តែអកុសលរអិលជើងធ្លាក់ចូលទឹកបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។
ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះភា សុភីន អាយុ១២ឆ្នាំ រស់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ។

តាមសម្តីបុរសឈ្មោះផាន់ ភា អាយុ៥២ឆ្នាំ ត្រូវជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា កូនប្រុសរបស់គាត់ (ក្មេងប្រុសរងគ្រោះ) ក្រៅពីទំនេរពីការសិក្សាឧហ្សាហ៍ជួយការងារផ្ទះដូចជានេសាទ និងកិច្ចផ្សេងៗទៀត ដែលអាចជួយទៅបាន។
ហើយនៅមុនពេលកើតហេតុ កូនប្រុសគាត់បានទាញសន្ទូចទៅស្ទូចត្រីនៅឯស្រះខាងក្រោយផ្ទះ ខណៈពេលបាត់កូនប្រុសយូរពេក រូបគាត់ជាឪពុកមានការសង្ស័យក៏ដើរសំដៅទៅស្រះទឹក ស្រាប់តែប្រទះឃើញកូនរបស់គាត់បានស្លាប់ក្នុងទឹកស្រះក្រោយផ្ទះបាត់ទៅហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារក្មេងប្រុសរងគ្រោះភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយករណីលង់ទឹកស្រះប្រាកដមែន។ មូលហេតុដោយសារក្មេងប្រុសរងគ្រោះចេញទៅស្ទូចត្រី រួចក៏រអិលជើងធ្លាក់ចូលទឹក ហែលមិនរួចទើបបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។
សាកសពក្មេងប្រុសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕