Monday, November 24, 2025
Homeព័ត៌មានជាតិគាត់មិនអាចមើលនឹងភ្នែកបាន... ប៉ុន្តែចុងក្រោយគ្រួសារស្រក់ទឹកភ្នែកគ្រប់គ្នា

គាត់មិនអាចមើលនឹងភ្នែកបាន… ប៉ុន្តែចុងក្រោយគ្រួសារស្រក់ទឹកភ្នែកគ្រប់គ្នា

ខេត្តរតនគិរី ៖ បុរសម្នាក់បានទៅដើរកម្សាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់ លុះឃើញក្មេងប្រុសម្នាក់ចុះលេងទឹកបណ្តាលឱ្យលង់ ទ្រាំមើលនឹងភ្នែកមិនបានក៏ស្ទុះលោតចុះទឹកដើម្បីជួយសង្គ្រោះក្មេងប្រុស ស្រាប់តែអកុសល ក្មេងប្រុសរូបនោះបានរួចរស់ជីវិត បែរជាអ្នកចុះជួយសង្គ្រោះលង់ទឹកលិចបាត់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័មទៅវិញ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣៨នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចរមណីយដ្ឋាន ឆ្នេរខ្សាច់ ស្ថិតក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះលី សាមេត អាយុ២៦ឆ្នាំ មុខរបរមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តរតនគិរី មានលំនៅបច្ចុប្បន្នភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរទៅលេងនៅចំណុចរមណីយដ្ឋានឆ្នេរខ្សាច់ខាងលើជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញក្មេងប្រុសម្នាក់បានចុះលេងទឹករួចក៏លង់។

ទើបធ្វើឱ្យជនរងគ្រោះប្រទះឃើញទ្រាំមើលនឹងភ្នែកមិនបាន ក៏ស្ទុះចុះទៅជួយក្មេងប្រុសកំពុងលង់ទឹកម្នាក់នោះ លុះសង្គ្រោះក្មេងប្រុសនោះបានបែរជាលង់ទឹកស្លាប់ខ្លួនឯងទៅវិញ ដោយលិចបាត់ខ្លួនក្នុងទឹករកមិនឃើញ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះជួយសង្គ្រោះរាវរកសាកសពក្នុងទឹកឃើញនៅវេលាម៉ោង៤និង៥៩នាទីរសៀលថ្ងៃខែឆ្នាំដដែល។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនម្តាយជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES