ភ្នំពេញ ៖ បុរស២នាក់ក្រោយពីផឹកស៊ីស្រវឹងក៏នាំគ្នាជិះម៉ូតូម្នាក់១គ្រឿងចេញទៅរាំធុងបាស់នៅក្នុងភូមិ លុះត្រឡប់មកវិញក៏ស្រាប់តែលេចមុខជនសង្ស័យជាចោរប្លន់១ក្រុម ជិះម៉ូតូប្រដេញតាមស្ទាក់វាយនិងយកដុំថ្មគប់ បណ្តាលឱ្យបុរសម្នាក់រងរបួសរយះក្បាល រួចក៏ប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព។
ករណីវ៉ៃប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្រែស្ថិតក្នុងភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង២នាក់ រួមមាន៖
ទី១-ឈ្មោះសុខ ជា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិគោកព្រិច សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ម្ចាស់ម៉ូតូម៉ាកស៊ុយស៊ូគីឡែត ពណ៌ស មិនចាំស្លាកលេខ (ត្រូវចោរប្លន់យកទៅបាត់)
ទី២-ឈ្មោះរដ្ឋា សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិកើតហេតុ ត្រូវក្រុមចោរវាយ បណ្តាលឱ្យរងរបួសបែកក្បាល តែប្លន់ម៉ូតូមិនបាន។ ចំណែកក្រុមជនសង្ស័យ មានគ្នា៨នាក់ មិនស្គាល់អត្តសញ្ញាណ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិឃុំកើតហេតុខាងលើ ប្រជាពលរដ្ឋបាននាំគ្នាប្រារឰកម្មវិធីបុណ្យភូមិ ដូចរាល់ដងដែលបានធ្វើជារៀងរាល់ឆ្នាំ បន្ទាប់ពីពួកគាត់ច្រូតកាត់ប្រមូលផលស្រូវវស្សារួច ដោយក្នុងកម្មវិធីនោះមានការផឹកស៊ីរាំច្រៀងកម្សាន្ត។

ដោយទ្បែក ជនរងគ្រោះទាំង២នាក់ខាងលើ បន្ទាប់ពីជួបជុំគ្នាផឹកស៊ីស្រវឹងនៅផ្ទះក៏បាននាំគ្នាជិះម៉ូតូ២គ្រឿង ទៅរាំធុងបាស់នៅចុងភូមិ ពេលរាំបានមួយសន្ទុះក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន៨នាក់ជិះម៉ូតូ៤ទៅ៥គ្រឿង មកស្ទាក់ម៉ូតូជនរងគ្រោះខាងក្រោយ ហើយយកដុំថ្មព្រួតគ្នាវាយជនរងគ្រោះបណ្តាលឱ្យរបួសបែកក្បាល។

ភ្លាមៗនោះ ភាគីជនរងគ្រោះដែលជិះម៉ូតូនៅខាងមុខ ឃើញហេតុការណ៍មិនស្រួលបានឈប់ម៉ូតូរត់មកជួយ តែមិនបានដកសោម៉ូតូចេញទេ ក៏ត្រូវក្រុមជនសង្ស័យឆ្លៀតឱកាសឡើងជិះម៉ូតូជូនរងគ្រោះ១គ្រឿង គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលរដ្ឋាបាលសំរោងក្រោម ដើម្បីស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់៕