ភ្នំពេញ ៖ យុវតីម្នាក់ត្រូវឪពុកប្រើឱ្យយកមាសមកលក់នៅផ្សារស្ទឹងមានជ័យថ្មី លុះលក់មាសបានលុយទុកក្នុងកាបូប រួចទៅរកអីហូបនៅក្នុងផ្សារ ជាមួយមិត្តភក្តិសិន ក៏ស្រាប់តែត្រូវស្ត្រីសង្ស័យ២នាក់បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំយកលុយទៅបាត់ចំនួន៥០០ដុល្លារ ទាំងកណ្តាលថ្ងៃ។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្សារទំនើបស្ទឹងមានជ័យថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមសម្តីយុវតីរងគ្រោះសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុករបស់នាងបានប្រើឱ្យនាងយកមាសមកលក់នៅផ្សារទំនើបស្ទឹងមានជ័យថ្មី។ ខណៈពេលលក់រួចរាល់ហើយ នាងក៏បានវេរលុយចំនួន៩០០ដុល្លារ ទៅឱ្យឪពុក នៅសល់លុយចំនួន៥២០ដុល្លារទៀតទុកក្នុងកាបូបស្ពាយនៅខាងក្រោយ។

យុវតីរងគ្រោះបន្តថា បន្ទាប់មកនាងក៏បានបបួលមិត្តភក្តិចុះមកញ៉ាំអីនៅជាន់ខាងក្រោម ស្របពេលនោះក៏លេចមុខជនសង្ស័យជាស្ត្រី២នាក់បានដើរមកក្បែរ ហើយដើរជាន់ជើងនាង ពេលនោះនាងហាក់បីដូចជាដឹងថា បាត់លុយ ទើបរត់តាមជនសង្ស័យស្រែកថា ចោរៗ។

មួយសន្ទុះក្រោយមក ក៏បាត់ស្មារតីនិយាយលែងចេញតែម្តង ទើបយុវតីម្នាក់ទៀតដែលជាមិត្តភក្តិទៅជាមួយគ្នាបានខលប្រាប់ឪពុកម្តាយរបស់នាងមកទទួលនិងដឹកនាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ជួយអន្តរាគមន៍និងស្រាវជ្រាវចាប់ជនដៃស្អិតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
