ភ្នំពេញ ៖ ហាងម៉ាស្សាដ៏ធំមួយកន្លែងយីហោ King Sora MASSAGE ដែលបានលួចលាក់បង្កប់បម្រើសេវាផ្លូវភេទ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបដោយឃាត់ខ្លួនក្រុមនារីបម្រើសេវាផ្លូវភេទសុទ្ធសឹងជាជនជាតិវៀតណាមចំនួន១២នាក់ និងមេការប្រុសស្រីចំនួន៥នាក់ ព្រមទាំងសន្តិសុខចំនួន៥នាក់ទៀតផង។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចទីតាំងហាងម៉ាស្សាយីហោ King Sora MASSAGE ស្ថិតនៅផ្ទះលេខ៥១B តាមបណ្តោយផ្លូវលេខ៣៥០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដោយប្រតិបត្តិការនេះមានការសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការដឹកនាំចុះបង្ក្រាបជាក់ស្តែងដោយលោកវរសេនីយ៍ឯក សំបូរ ម៉ាន់ណារិទ្ធ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវឃើញថា ទីតាំងខាងលើនេះបើកហាងម៉ាស្សាកោសជប់មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននិងមនុស្សប្រុសស្រីជាមេការ៥នាក់ និងសន្តិសុខ៥នាក់ទៀតរួមនឹងនារីរងគ្រោះចំនួន១២នាក់ ជាជនជាតិវៀតណាមបំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ ok មួយចំនួនធំ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវខ្លះចូលមកម៉ាស្សានិងភ្ញៀវខ្លះចូលមកសំដៅរកសេវារួមភេទតែម្តង។

ក្រោយចប់ប្រតិបត្តិការទីតាំងខាងលើនេះត្រូវបានឃ្លុមបេបិទជាបណ្តោះអាសន្ន ដើម្បីរងចាំគោលការណ៍ជាថ្មី។

បច្ចុប្បន្ន មនុស្សប្រុសស្រីជាមេការ៥នាក់និងសន្តិសុខ៥នាក់ទៀត រួមនឹងនារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

