ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមចាប់ខ្លួនយុវជនម្នាក់ដែលបង្ហោះចែកចាយរូបភាព និងវីដេអូអាសអាភាសយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម Telegram។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយល់ ធារ៉ា អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងចាប់ខ្លួននៅតាមផ្លូវ៦០ម៉ែត្រ ភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ជនសង្ស័យខាងលើបានបង្កើតគណនី Telegram ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ Kyoun Eduy ហើយបានបង្កើតគ្រុប Telegram ជាច្រើនដែលគ្រុបខ្លះមានសមាជិករហូតដល់ជាង១ម៉ឺននាក់ ដើម្បីបង្ហោះចែកចាយរូបភាពនិងវីដេអូអាសអាភាសយ៉ាងសកម្មក្នុងបណ្តាញទំនាក់ទំនងសង្គម Telegram។

បើយោងតាមរបាយការណ៍ ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ក្រោមការបញ្ជាពីសំណាក់លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានបញ្ជាក់ផងដែរថា ការប្រើប្រាស់ទំនាក់ទំនង Telegram ដោយចែកចាយរូបភាពនិងវីដេអូអាសអាភាសនេះ ផ្ទុយនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃរបស់ស្ត្រីខ្មែរ ដែលមាន ទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ដ៏រុងរឿង។

កាលពីពេលប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាទៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាសមិនអីនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានករណីចាប់រំលោភផងដែរ។ បទបញ្ជារបស់សម្តេចតេជោហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗកន្លងទៅនេះ៕