ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋដេញចាប់បាន ហើយស្វាគមន៍ម្នាក់មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឱ្យសមត្ថកិច្ចដឹកយកទៅប៉ុស្តិ៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជាងកញ្ចក់ តាមបណ្តោយផ្លូវលេខ៩៩ ស្ថិតក្នុងភូមិទួលសង្កែ១ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យមានឈ្មោះនៅ មករា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះកុយ ឆៃអុក មុខរបរជាងកញ្ចក់ ស្នាក់នៅផ្ទះកើតហេតុ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីម្ចាស់ផ្ទះបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឮសំទ្បេងឆ្កែព្រុសទើបឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យកំពុងតែដើរចូលមកគាស់ទ្វារផ្ទះពីចំហៀង។ ពេលនោះគាត់ក៏បានបើកទ្វារខាងមុខ ហើយស្រែកចោរៗ ឆោឡោឡើងផ្អើលប្រពលរដ្ឋជិះម៉ូតូដេញតាមរហូតដល់ផ្លូវលូជិតផ្ទះសំណាក់បៃតង ទើបចាប់បាន រួចប្រគល់ជូនសមត្ថកិច្ច។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុបាន ទូរស័ព្ទ iPhone 6 ១គ្រឿង លុយ១១.០០០រៀល ក្រដាស២ដុល្លារមួយសន្លឹក សោខ្សៀសម្រាប់កាច់សោ.កម៉ូតូ១ និងកាតគ្រីម៉ូតូមួយសន្លឹក។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ នាំយកទៅសាកសួរនិងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអធិការដ្ឋាន ចាត់ការបន្តតាមច្បាប់៕