ខេត្តសៀមរាប ៖ សមត្ថកិច្ចសម្រេចបិទផ្សារទំនើបមួយកន្លែង យីហោ សឺជីហ៊រលាន ជាបណ្តោះអាសន្ន ក្រោយពីរកឃើញមានទំនិញជាច្រើនមុខខូចគុណភាព ហើយមានកាលបរិច្ឆេទថ្មីដាក់តាំងលក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២០ ដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បាន បញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ ចុះសហការជាមួយកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំផ្ទាល់ដោយលោកព្រះរាជអាជ្ញារង សំរិទ្ធ សុខុន និងលោកម៉ក់ ធារ៉ា ស្នងការរង និងជាប្រធានផែនទទួលការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះទៅត្រួតពិនិត្យគុណភាពទំនិញ។

ក្រោយការពិនិត្យឃើញថា មានទំនិញភាគច្រើនខូចគុណភាពនិងមានកាលបរិច្ឆេទថ្មីដាក់តាំងលក់។ ដោយរកឃើញកំហុសឆ្គងដែលជាហេតុនាំឱ្យខូចសុខភាពប្រជាពលរដ្ឋជាអ្នកទិញយកទៅប្រើប្រាស់ ក្រុមការងារសម្រេចបិទទីតាំងផ្សារទំនើបមួយកន្លែងនេះជាបណ្តោះអាសន្ន គឺផ្សារទំនើបយីហោ សឺជីហ៊រលាន មានទីតាំងស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ដែលមានម្ចាស់ជាជនជាតិចិន ឈ្មោះ Ju Haifeng ភេទប្រុស អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ED-1047548។

សមត្ថកិច្ចឱ្យដឹងថា ការចុះប្រតិបត្តិការពិនិត្យគុណភាពទំនិញក្នុងផ្សារទំនើប សរុបទាំង២ថ្ងៃ រកឃើញផលិតផលខូចគុណភាព១៤៥មុខ ស្មើនឹង៨៩៨គីឡូក្រាម ម៉ាស៊ីនបោះលេខកាលបរិច្ឆេទ២គ្រឿង ហាតឌីស្ក១គ្រឿង កុំព្យូទ័រលើតុ១គ្រឿង យកទៅរក្សាទុកជាវត្ថុតាងរង់ចាំចាត់ការតាមនីតិវិធី។

ក្រោយពីបិទទីតាំងផ្សារជាបណ្តោះអាសន្នហើយ សមត្ថកិច្ចជំនាញបាននាំខ្លួនម្ចាស់ទីតាំងផ្សារទំនើបសឺជីហ៊រលាន ទៅសួរនាំនៅផ្នែកជំនាញនៃស្នងការដ្ឋានខេត្ត ដើម្បីបន្តនីតិវិធី៕

