Monday, November 24, 2025
Homeព័ត៌មានជាតិប្រុសចាប់កូនក្រមុំបង្ខាំងក្នុងផ្ទះ ម៉ែសំពះសុំអន្តរាគមន៍

ប្រុសចាប់កូនក្រមុំបង្ខាំងក្នុងផ្ទះ ម៉ែសំពះសុំអន្តរាគមន៍

ខេត្តរតនគិរី ៖ ប្តីប្រពន្ធវ័យចំណាស់២នាក់បានអះអាងថា កូនស្រីរបស់ពួកគាត់ត្រូវបានបុរសម្នាក់ចាប់ពង្រត់បង្ខាំងទុកនៅក្នុងផ្ទះ អស់ជាច្រើនថ្ងៃមកហើយ ហើយពួកគាត់ជាឪពុកម្តាយបានរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថស្រុកដែរ តែមិនឃើញជួយអន្តរាគមន៍សោះ ទើបដាច់ចិត្តសំពះសុំអន្តរាគមន៍ពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តតែម្តង។

យុវតីដែលត្រូវឪពុកម្តាយអះអាងថា ត្រូវបុរសម្នាក់ចាប់ពង្រត់បង្ខាំងទុកក្នុងផ្ទះនេះ មានឈ្មោះយឿង ស្រីនិត អាយុ១៥ឆ្នាំ មុខរបរកម្មករធ្វើការនៅក្នុងក្រុមហ៊ុនហ័ងអាញ់ មានទីតាំងនៅឃុំស្រែអង្ក្រង ស្រុកកូនមុំ។ ចំណែកជនសង្ស័យ មានឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុនហ័ងអាញ់ ជាមួយគ្នា។

តាមសម្តីបុរសចំណាស់ឈ្មោះយ៉ាវ យឿង អាយុ៦០ឆ្នាំ និងប្រពន្ធឈ្មោះហេង លួន អាយុ៦១ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនហ័ងអាញ់ ត្រូវជាឪពុកម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីគាត់មានឈ្មោះ យឿង ស្រីនិត អាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះង៉ែត ជាកម្មករក្រុមហ៊ុនហ័ងអាញ់ ដែរ បានពង្រត់ទៅឃុំទុកនៅក្នុងផ្ទះកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ មានទីតាំងក្បែរកន្លែងស្នាក់នៅគាត់ដែរ។

ពេលនោះ គាត់បានទូរស័ព្ទទៅលោកគឹម ប៊ុនធឿន មេបញ្ជាការរងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ ដើម្បីសុំអន្តរាគមន៍ដែរ តែលោកគឹម ប៊ុនធឿន ឆ្លើយតបមកវិញថា ចាំថ្ងៃស្អែកឱ្យកម្លាំងចុះទៅអន្តរាគមន៍។

ឪពុកម្តាយយុវតីខាងលើបន្តថា លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ អត់ឃើញកម្លាំងអាវុធហត្ថចុះជួយអន្តរាគមន៍ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ក៏បានធ្វើដំណើរមកជួបលោកគឹម ប៊ុនធឿន នៅស្នាក់ការអាវុធហត្ថស្រែពក ប៉ុន្តែពេលជួបនោះមិនបានដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរទេ គឺលោកគឹម ប៊ុនធឿន សួរឈ្មោះអាយុគាត់ទាំង២ ហើយប្រាប់ថា ឱ្យជួយគាត់២០ម៉ឺនរៀល ដើម្បីចាក់សាំងចុះធ្វើការរួចត្រឡប់ទៅក្រុមហ៊ុនវិញ។

ដោយមានក្តីអាណិតអាសូរជាពន់ពេក ព្រោះកូនស្រីនៅក្មេងពេកខ្លាចគេធ្វើបាបនោះ ក្រុមគ្រួសារគាត់បានទៅលបមើលផ្ទះរបស់ជនសង្ស័យ ឃើញកូនគាត់ស្នាក់នៅទីនោះក៏បានទូរស័ព្ទទៅលោក គឹម ប៊ុនធឿន ចូលប្រហែល៣០ដង ប៉ុន្តែគ្មានអ្នកទទួល។

ប្តីប្រពន្ធវ័យចំណាស់ខាងលើ បានឱ្យដឹងថា ខាងអាវុធហត្ថស្រុកកូនមុំ មានចេតនាមិនជួយអន្តរាគមន៍គ្រួសារគាត់ឡើយ ហើយតាំងពីកូនស្រីគាត់ត្រូវគេពង្រត់ទៅបាត់នោះ គឺកូនស្រីគាត់ធ្លាប់ទាក់ទងតាមទូរស័ព្ទមកក្រុមគ្រួសារតែម្តងគត់ គឺកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយឱ្យយកខោអាវឱ្យនាង១កំប្លេ។

អាណាព្យាបាលខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា ពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំងមិនដឹងសុខទុក្ខកូនយ៉ាងណានោះទេ រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ព្រោះជនសង្ស័យជាអ្នកញៀនថ្នាំទៀតផង។

ទន្ទឹមនឹងនេះដែរ ពួកគាត់សុំអន្តរាគមន៍ទៅសមត្ថកិច្ចមេត្តាជួយស្វែងរកកូនស្រីគាត់, ស្វែងរកយុត្តិធម៌ជូនគ្រួសារគាត់និងផ្តន្ទាទោសជនសង្ស័យតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ។

ទាក់ទិនទៅនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានបញ្ជាក់ប្រាប់ថា គាត់បានហៅមេអាវុធហត្ថស្រុកកូនមុំ ធ្វើរបាយការណ៍កំណត់ហេតុរួចរាល់ហើយ ព្រមទាំងធ្វើការស្រាវជ្រាវតាមដានជនសង្ស័យយ៉ាងមមាញឹក ពោលគឺមិនរួចពីសំណាញ់ច្បាប់នោះទេ៕

RELATED ARTICLES