Monday, November 24, 2025
Homeព័ត៌មានជាតិផឹកស៊ីរាំច្រៀងយ៉ាងសប្បាយក្អាកក្អាយ មួយសន្ទុះឮសំឡេងយំវិញ

ផឹកស៊ីរាំច្រៀងយ៉ាងសប្បាយក្អាកក្អាយ មួយសន្ទុះឮសំឡេងយំវិញ

ខេត្តក្រចេះ ៖ បុរសជាអ្នកភូមិមួយក្រុមបានជួបជុំគ្នាផឹកស្រារហូតដល់ស្រវឹងធ្លាក់ភ្នែក នឹកចង់បង្កើតបរិយាកាសឱ្យកាន់តែសប្បាយក៏យកធុងបាស់មកចាក់ចម្រៀងស្តាប់ និងច្រៀងខារ៉ាអូខេលេង លុះបុរសម្នាក់ក្នុងចំណោមនោះស្រវឹងជោកជាំភ្លេចខ្លួន ច្រត់ដៃប៉ះចំមុខតំណខ្សែភ្លើងធុងបាស់ ក៏ធ្វើឱ្យឆ្លងចរន្តឆក់ប្រកាច់ស្លាប់ភ្លាមៗក្នុងវង់ផឹកស៊ី បង្កឱ្យមានការផ្អើលឆោឡោពេញភូមិ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលារសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី។

បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះសុខ លីម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ រួមនឹងមិត្តភក្តិរស់នៅក្នុងភូមិជាមួយគ្នាប៉ុន្មាននាក់ទៀត បានជួបជុំគ្នាវាតវង់ផឹកស៊ីដោយទិញស្រាមកអង្គុយផឹកជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពេលផឹកស៊ីស្រវឹងរៀងខ្លួន នឹកចង់បង្កើតបរិយាកាសឱ្យកាន់តែសប្បាយឡើងថែមទៀត ក៏នាំគ្នាទៅយកធុងបាស់មកចាក់ចម្រៀងស្តាប់ ព្រមទាំងច្រៀងខារ៉ាអូខេលេងផងដែរ។

ប្រភពដដែលបន្តថា លុះពេលដែលមិត្តភក្តិកំពុងច្រៀងលេងសប្បាយនោះ ជនរងគ្រោះដែលស្រវឹងជោកជាំ ក៏បានយកដៃទៅច្រត់ចំមុខតំណរខ្សែភ្លើងធុងបាស់ ជាហេតុធ្វើឱ្យឆ្លងចរន្តឆក់ជនរងគ្រោះ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗមួយរំពេចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES