Monday, November 24, 2025
Homeព័ត៌មានជាតិបង្អើលគេឲ្យភ័យ ទាក់ទាញ Like និង Share ចុងក្រោយថា មិនពិត

បង្អើលគេឲ្យភ័យ ទាក់ទាញ Like និង Share ចុងក្រោយថា មិនពិត

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលខ្លួនមកបំភ្លឺចំពោះការសរសេរចុះផ្សាយ និងចែកចាយព័ត៌មានមិនពិត ជុំវិញករណីជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ឬហៅថា វីរុស COVID 19។

បុរសដែលត្រូវសមត្ថកិច្ចកោះហៅទៅបំភ្លឺខាងលើនេះ មានឈ្មោះទេព សុផល្លា អាយុ៣២ឆ្នាំ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ Q19 ផ្លូវលេខ៥ ក្រុមទី១១ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Saty Fila។

តាមប្រភពពីស្នងការដ្ឋានដ្ឋាននគរបាលរាជធានី បានឱ្យដឹងថា នៅវេលាម៉ោង២រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ សមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនសន្តិសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានកោះហៅឈ្មោះទេព សុផល្លា ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Saty Fila ក្នុងករណីផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការបំភ្លឺ។

ប្រភពដដែលបន្តថា ឈ្មោះទេព សុផល្លា គឺជាមុខសញ្ញាសកម្មបង្កភាពចលាចលក្នុងបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធជាមួយជម្ងឺឆ្លងផ្លូវដង្ហើម Covid-19។

ក្រោយពីធ្វើការសាកសួរ ឈ្មោះទេព សុផល្លា បានសារភាពគ្រប់យ៉ាងរាល់ទង្វើដែលគាត់បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងបណ្តាញសង្គមហ្វេសប៊ុកពាក់ព័ន្ធទៅនឹងជម្ងឺផ្លូវដង្ហើមកូរ៉ូណា ឬ Covid-19 ពិតប្រាកដមែន។

បន្ទាប់ពីទទួលបានចម្លើយសារភាពខាងលើរួចមក សមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំ ហើយបុរសរូបនោះក៏បានធ្វើកិច្ចសន្យាបញ្ឈប់រាល់ការផុស និងចែកចាយទាំងឡាយណាដែលជាព័ត៌មានមិនពិត បង្កឱ្យមានការយល់ច្រឡំ និងអាចបង្កឱ្យមានចលាចលនៅក្នុងសង្គម។

ជាមួយនេះឈ្មោះទេព សុផល្លា ក៏បានផុសសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ Saty Fila ផងដែរ៕

RELATED ARTICLES