Monday, November 24, 2025
Homeព័ត៌មានជាតិរាត្រីទឹកឃ្មុំ ក្លាយជាទឹកខ្មេះ កូនកំលោះបាក់ធ្មេញ

រាត្រីទឹកឃ្មុំ ក្លាយជាទឹកខ្មេះ កូនកំលោះបាក់ធ្មេញ

ភ្នំពេញ ៖ ពិធីមង្គលការមួយបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ចូលដល់កម្មវិធីទទួលភ្ញៀវពិសាភោជនាហារយ៉ាងអឺងកង ព្រមទាំងមានចាក់ធុងបាស់រាំលេងយ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែកម្មវិធីជិតនឹងបិទបញ្ចប់ទៅហើយ បែរជាភ្ញៀវខាងកូនក្រមុំផ្ទុះហិង្សាដាល់កូនកំលោះបណ្តាលឱ្យរងរបួសបែកមាត់បាក់ធ្មេញកើតចលាចលពេញរោងការ ធ្វើឱ្យកូនកំលោះជាជនរងគ្រោះភ័យពេករត់ទៅសម្ងំដេកបាត់ទាំងខកខានមិនបានស្គាល់រាត្រីទឹកឃ្មុំ ព្រោះខ្លាចគូទំនាស់ចូលវ៉ៃដល់បន្ទប់ផ្សំដំណេក។

ករណីផ្ទុះហិង្សាកណ្តាលពិធីមង្គលការខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចគេហដ្ឋានខាងកូនក្រមុំ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

នៅក្នុងហេតុការណ៍អំពើហិង្សាខាងលើនេះ បណ្តាលឱ្យភាគីខាងកូនកំលោះបានរងរបួសយ៉ាងដំណំចំនួន២នាក់ ក្នុងនោះ កូនកំលោះរងរបួសបែកមាត់និងបាក់ធ្មេញ ចំណែកបងប្រុសរបស់កូនកំលោះរងរបួសប៉ោងមុខមាត់។ ចំណែកភាគីខាងបងប្អូនកូនក្រមុំរងរបួសស្រាលចំនួន៣នាក់។

លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ បានបញ្ជាក់ប្រាប់ថា នៅមុនពេលផ្ទុះហិង្សាក្នុងពិធីមង្គលការខាងលើនេះ ភាគីខាងកូនកំលោះនិងកូនក្រមុំបានរាំលេងយ៉ាងសប្បាយ។ មួយសន្ទុះក្រោយមកស្រាប់តែភាគីទាំង២ឈ្លោះគ្នារឿងចាក់ភ្លេងរាំលេង ដោយភាគីខាងកូនក្រមុំសុំឱ្យបន្ថយសំឡេងធុងបាស់ ព្រោះយប់ជ្រៅហើយរំខានដំណេកអ្នកជិតខាង ចំណែកភាគីខាងកូនប្រុសចង់នៅរាំលេងបន្តទៅទៀត។

ព្រោះតែខ្វែងគំនិតគ្នារឿងចាក់ភ្លេងរាំលេងនេះហើយ ទើបធ្វើឱ្យភាគីទាំង២ផ្ទុះហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឱ្យភាគីខាងកូនកំលោះរងរបួសចំនួន២នាក់ គឺកូនកំលោះនិងបងប្រុសរបស់កូនកំលោះ។ ចំណែកភាគីខាងបងប្អូនកូនក្រមុំរងរបួសស្រាលចំនួន៣នាក់។

ក្រោយកើតអំពើហិង្សាខាងលើ សាមីខ្លួនកូនកំលោះបានគេចទៅដេកនៅផ្ទះម្តាយបង្កើតរបស់ខ្លួនបាត់ ទាំងមិនទាន់ស្គាល់រាត្រីទឹកឃ្មុំ  ដោយមិនហ៊ានដេកនៅក្នុងផ្ទះរបស់កូនក្រមុំទេ ព្រោះខ្លាចគូជម្លោះតាមរករឿងដល់ក្នុងបន្ទប់ផ្សំដំណេក។

លោកនាយប៉ុស្តិ៍បានបន្តថា បន្ទាប់ពីកើតហេតុ ភាគីទាំង២បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីរកខុសត្រូវរៀងខ្លួន។ ពេលមកដល់ប៉ុស្តិ៍ ភាគីទាំងសងខាងសុទ្ធតែធុំក្លិនស្រាហួងនិយាយឡើងស្អិតមាត់ នៅពេលសមត្ថកិច្ចសុំគូជម្លោះទាំង២ផ្លុំជាតិអាកុល ស្រាប់តែមិនព្រមផ្លុំ ហើយសុំទៅផ្ទះរៀងៗខ្លួនចាំព្រឹកឡើងមកដាក់ពាក្យបណ្តឹងម្តងទៀត។

រហូតមកដល់ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២០ សមត្ថកិច្ចចាំរកដំណោះស្រាយឱ្យគូជម្លោះទាំង២ តែមិនទាន់ឃើញភាគីណាមួយចេញមុខមកដាក់ពាក្យបណ្តឹងនៅឡើយទេ។ យ៉ាងណាក្តី នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចបានហៅឪពុកម្តាយទាំងសងខាងមកធ្វើការសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់បញ្ហាកុំឱ្យមានការគុំកួនគ្នាតទៅថ្ងៃក្រោយទៀត៕

RELATED ARTICLES