Monday, November 24, 2025
Homeព័ត៌មានជាតិសង្ស័យតថ្លៃគ្នាអត់ត្រូវ ទើបបង្ក្រាបបានរាប់រយសន្លឹកបែបនេះ

សង្ស័យតថ្លៃគ្នាអត់ត្រូវ ទើបបង្ក្រាបបានរាប់រយសន្លឹកបែបនេះ

ខេត្តស្ទឹងត្រែង ៖ គំនរឈើប្រណីត៤គំនររាប់រយសន្លឹកដែលក្រុមឈ្មួញបានដឹកជញ្ជូនយកមកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ជាយខេត្តស្ទឹងត្រែង សង្ស័យនិយាយមិនត្រូវគ្នា ទើបធ្វើឱ្យមានការចុះធ្វើការបង្ក្រាបដោយរឹបអូសតែម្តង កាលពីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ ត្រង់ចំណុចជិតគល់ស្ពាន ភូមិរំដេងក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់។

តាមការឱ្យដឹងពីម្ចាស់ចំការស្វាយចន្ទីឈ្មោះយាយឡាក់ រស់នៅភូមិខាងលើ បានបង្ហើបប្រាប់កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ថា ឈើដែលគេដឹកយកមកលាក់ទុកនៅក្នុងចម្ការស្វាយចន្ទីរបស់គាត់ ម្ចាស់ឈើមានឈ្មោះស្នា បានដឹកយកមកផ្ញើទុកដោយឱ្យតម្លៃក្នុង១ខែ ១៥ម៉ឺនរៀល តែរយៈពេល៣ខែទៅហើយ នៅមិនទាន់ឃើញលុយមួយរយខ្មែរទេ។

គាត់បានបន្តថា ម្ចាស់ឈើដែលមានឈ្មោះស្នា រូបនេះគេបានប្រាប់គាត់ថា នៅកំពុងតែរងចាំរត់ការច្បាប់ដើម្បីសុំធ្វើរោងសិប្បកម្មកែឆ្នៃឈើ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់រត់ច្បាប់បានផង ស្រាប់តែត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបដោយរឹបអូសដឹកជញ្ជូនឈើ យកអស់គ្មានសល់ ។

លោកឈួន ឈិត ហៅក្រូច នាយរងប៉ុស្តិ៍ឃុំចំការលើ បានបញ្ជាក់ប្រាប់ថា ឈើដែលចុះបង្ក្រាបហើយរឹបអូសឈើដែលលាក់ទុកនៅក្នុងចំណុចខាងលើនោះ លោកបានប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ រួចអស់ហើយ ចំណែកម្ចាស់ឈើជាប់ពាក់ព័ន្ធមានឈ្មោះស្នា រូបនេះ ខាងជំនាញរដ្ឋបាលព្រៃឈើ គេមានចំណាត់ការយ៉ាងណានោះ វាជារឿងខាងមន្ត្រីជំនាញមេព្រៃ។

លោកនាយរងប៉ុស្តិ៍បានបញ្ជាក់ថា ឈើដែលរឹបអូសប្រគល់ឱ្យទៅជំនាញនោះជាប្រភេទឈើគគី មានមុខកាត់ចាប់២តឹក រហូតដល់៤តឹក និងមានប្រវែង២ម៉ែត្រ ហើយលោកបានរាប់ចំនួនឈើនៅចំពោះមុខកូនចៅរបស់លោកនោះមានចំនួន២២៦សន្លឹក។

ជុំវិញរឿងនេះលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ បានប្រាប់ឱ្យដឹងថា ចំពោះឈើដែលបង្ក្រាបហើយរឹបអូសបាននៅចំណុចខាងលើនោះ នៅមិនទាន់បានធ្វើការវាស់វែង ឱ្យដឹងចំនួនម៉ែត្រគូបនៅឡើយទេ។

ចំពោះអ្នកពាក់ព័ន្ធកាប់បំផ្លាញផលអនុផលព្រៃឈើ ដែលបង្ក្រាបរឹបអូសបាននេះ នៅពេលកម្លាំងកូនចៅរបស់លោកទៅដល់ គឺបានសន្សល់ទុកតែវត្ថុតាងតែប៉ុណ្ណោះ ឥឡូវបានដឹកជញ្ជូនឈើទាំងនោះយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ហើយនិងបន្តការតាមដានស្រាវជ្រាវរកឈ្មោះម្ចាស់ឈើឱ្យចូលខ្លួនមកដោះស្រាយ និងបង់ផាកពិន័យអន្តរកាលទៅតាមច្បាប់នៃរដ្ឋបាលព្រៃឈើ ដោយទុករយៈពេលឱ្យមួយខែ បើមិនឃើញចូលខ្លួនមកដោះស្រាយទេ លោកនិងកសាងសុំណុំរឿងបន្តបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

គួររំលឹកថា គំនរឈើជាច្រើនសរុបជាង២០០សន្លឹកខាងលើ ត្រូវប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាចចារគ្នាមិនត្រូវទេដឹង ទើបឈានដល់បង្ក្រាបដូច្នេះ ព្រោះពួកគាត់ភាគច្រើនតែងតែឃើញសមត្ថកិច្ចទាំងនោះ ពួកគេមុននឹងបង្ក្រាបគេច្រើនតែនិយាយគ្នាឬចរចាថ្លៃមុនសិន តើអាចទទួលយកបានទេ បើមិនបានឬមិនត្រូវថ្លៃគ្នា បើមិនត្រូវទើបឈានដល់បង្ក្រាប តែបើកន្លែងណានិយាយត្រូវគ្នា គេទៅហួស៕

RELATED ARTICLES