ខេត្តព្រះវិហារ ៖ បុរសជាមន្ត្រីយោធាម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាបែកគំនិតចូលច្រៀងខារ៉ាអូខេផឹកស៊ីឱបស្រីយ៉ាងស្អិតល្មួត លុះស្ត្រីជាម្តាយបង្កើតដឹងថា កូនប្រុសវក់ផឹកស៊ីឱបស្រីភ្លេចគិតប្រពន្ធកូនក៏តាមទៅហៅកូនប្រុសដល់បន្ទប់ខារ៉ាអូខេ លុះមកដល់ផ្ទះក៏ស្តីបន្ទោសថែមទៀត ជាហេតុធ្វើឱ្យកូនប្រុសមួម៉ៅក្តៅចិត្តខឹងនឹងម្តាយមិនទុកមុខឱ្យខ្លួននៅចំពោះមិត្តភក្តិ ក៏ទាញកាំភ្លើងអាកាបាញ់ទម្លុះថ្គាមខ្លួនឯងធ្លាយទៅក្បាលស្លាប់ភ្លាមៗមួយរំពេច នៅចំពោះមុខប្រពន្ធកូន។

ករណីអត្តឃាតបាញ់សម្លាប់ខ្លួនឯងខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។
មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកជាំក្សាន្ត បានបញ្ជាក់ឱ្យដឹងថា បុរសគិតខ្លីដែលទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯងនេះ មានឈ្មោះសុខ ផាត់យុទ្ធ អាយុ២៥ឆ្នាំ មុខរបរមន្ត្រីយោធាផ្នែកស៊ើបការណ៍នៃកងពលតូចលេខ៩ ឈរជើងនៅខេត្តព្រះវិហារ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសាក្សីបានឱ្យដឹងថា ជនរងគ្រោះខាងលើសព្វថ្ងៃមានប្រពន្ធនិងកូនប្រុសតូចៗចំនួន២នាក់ក្នុងបន្ទុក ហើយមួយរយៈចុងក្រោយនេះ ជនរងគ្រោះឧស្សាហ៍ដើរផឹកស៊ីចូលខារ៉ាអូខេញឹកញាប់ណាស់ ទើបក្រុមគ្រួសារ ពិសេសស្ត្រីជាម្តាយបង្កើតជនរងគ្រោះចេះតែនិយាយស្តីអប់រំជារឿយៗ ថាកុំដើរសប្បាយចោលប្រពន្ធកូនបែបនេះ វាមិនល្អទេ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេនៅក្នុងហាងខារ៉ាអូខេមួយកន្លែងក្នុងភូមិឃុំកើតហេតុខាងលើ លុះស្ត្រីជាម្តាយបង្កើតបានដឹងមិនចង់ឱ្យកូនប្រុសវក់ផឹកស៊ីច្រៀងខារ៉ាអូខេយប់ជ្រៅមិនគិតប្រពន្ធកូននៅឯផ្ទះយ៉ាងដូច្នេះ ក៏តាមទៅហៅកូនប្រុសឱ្យមកផ្ទះ ដោយស្ត្រីជាម្តាយបានតាមទៅហៅកូនប្រុសដល់ក្នុងបន្ទប់ខារ៉ាអូខេតែម្តង។ លុះពេលកូនប្រុសត្រឡប់មកដល់ផ្ទះវិញ ស្ត្រីជាម្តាយក៏បានស្តីបន្ទោសកូនប្រុសថែមទៀត។
ប្រភពខាងលើបញ្ជាក់ថា ក្រោយពីត្រូវម្តាយស្តីបន្ទោសរួច ជនរងគ្រោះដែលកំពុងស្រវឹងស្រាជោកជាំផងនោះ ទំនងជាមួម៉ៅក្តៅចិត្តនិងអាម៉ាស់នៅចំពោះមុខមិត្តភក្តិ និងនារីខារ៉ាអូខេដែលខ្លួនកំពុងឱបកៀកកើយផងនោះ ទើបទប់ចិត្តមិនបានក៏ស្ទុះទៅទាញកាំភ្លើងអាកាមួយដើមរបស់អង្គភាពមកបាញ់ខ្លួនឯងធ្លាយពីថ្គាមខាងស្តាំទៅក្បាលស្លាប់ភ្លាមមួយរំពេច នៅចំពោះមុខប្រពន្ធកូននិងម្តាយបង្កើតរបស់ខ្លួន ជាហេតុធ្វើឱ្យស្ត្រីជាម្តាយ រួមទាំងប្រពន្ធកូនតក់ស្លុតរន្ធត់ចិត្តយំសោកបោកខ្លួនមិនគួរណាជនរងគ្រោះគិតខ្លីធ្វើអត្តឃាតបែបនេះសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន។
សាកសពជនរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕