Monday, November 24, 2025
Homeព័ត៌មានជាតិតាំងពីប្តីប្រាប់ថា "អត់អារម្មណ៍" នាងតាមដានរហូត លុះថ្ងៃកើតហេតុ ឃើញផ្ទាល់ភ្នែក

តាំងពីប្តីប្រាប់ថា “អត់អារម្មណ៍” នាងតាមដានរហូត លុះថ្ងៃកើតហេតុ ឃើញផ្ទាល់ភ្នែក

ភ្នំពេញ ៖ ស្ត្រីម្នាក់ក្រោយពីសម្រាលកូនរួចក៏ចេញទៅស្នាក់នៅស្រុកកំណើតដើម្បីផ្តាច់ដោះកូន។ លុះពេលត្រឡប់មកវិញ ហេតុតែបែកប្តីយូរនឹកពេកក៏កាត់កេរ្តិ៍កាត់ខ្មាសសុំប្តីរួមរ័កម្តង បែរជាប្តីឆ្លើយយ៉ាងខ្លីថា អត់អារម្មណ៍ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធឈឺចាប់ក្នុងចិត្ត នឹកសង្ស័យថា ប្តីមានស្រីថ្មីក៏ព្យាយាមតាមដាន រហូតដល់ប្រទះឃើញប្តីដើរចេញពីបន្ទប់ជួលរបស់ស្ត្រីម្នាក់ដែលស្នាក់នៅទល់មុខគ្នា ទើបធ្វើឱ្យផ្ទុះជម្លោះចោទថា ប្តីទើបនឹងចេញពីរួមរ័កជាមួយស្រីថ្មី បង្កឱ្យមានការផ្អើលឆោឡោពេញភូមិ។

ហេតុការណ៍ប្រពន្ធតាមទាន់ប្តីមានស្រីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ស្ត្រីដែលអះអាងថា ប្តីរបស់ខ្លួនលួចលាក់មានស្រីថ្មី មានឈ្មោះកុត ដានី អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ទើបនឹងសម្រាលកូនទី២ បាន១ខួប មានស្រុកកំណើតភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។

ចំណែកប្តីឈ្មោះយឹម សីហា អាយុ២៦ឆ្នាំ មុខរបរដឹកអីវ៉ាន់រើផ្ទះ និងមានកូនក្នុងបន្ទុកចំនួន២នាក់ សព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលលេខ១០៧ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ដោយឡែក ស្ត្រីដែលរងការចោទប្រកាន់ថាជាសហាយស្មន់ មានឈ្មោះនៅ ស្រីអូន អាយុ៣៤ឆ្នាំ មុខរបរនារីបម្រើការងារក្នុងហាងខារ៉ាអូខេ មានប្តីនិងមានកូន២នាក់ដូចគ្នា សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ១២០ ស្ថិតនៅទល់មុខគ្នា។

តាមសម្តីស្ត្រីជាប្រពន្ធឈ្មោះកុត ដានី បានរៀបរាប់ប្រាប់ថា រវាងនាងនិងប្តីបានរៀបការរួមរស់នឹងគ្នា អស់រយៈពេល១០ឆ្នាំមកហើយ ដោយមានមេភូមិមេឃុំដឹងលឺត្រឹមត្រូវ និងបានបង្កើតកូន២នាក់ ជាចំណងនិស្ស័យ ក្នុងនោះ កូនស្រីបងអាយុ៦ឆ្នាំ និងកូនប្រុសប្អូនអាយុ១ខួប១ខែប៉ុណ្ណោះ។

កន្លងមក ប្តីប្រពន្ធនាងរួមរស់នឹងគ្នាសុខស្រួលល្អណាស់ មិនធ្លាប់មានទំនាស់ឬជម្លោះអ្វីធំដុំនោះទេ។ ទើបតែក្រោយពីនាងសម្រាលកូនទី២បានជិត១ខួបមក ពោលគឺនៅអំឡុងពេលប្រមាណ២ខែចុងក្រោយនេះ ប្តីរបស់នាងហាក់ចាប់ផ្តើមប្រែប្លែកខ្លាំងណាស់ តាំងពីសម្តីសំដៅ អត្តចរិត ចេះតែដើរលេងផឹកស្រាដាច់យប់ស្ទើររាល់ថ្ងៃ ចំណែកការនិយាយស្តីរកប្រពន្ធក៏គំរោះគំរើយខ្លាំងណាស់។

សូម្បីតែចុងក្រោយពេលនាងទើបមកពីស្រុកផ្តាច់ដោះកូន ហេតុតែនឹកនិងស្រលាញ់ប្តីខ្លាំងពេក ពេលវិលមកដល់បន្ទប់ជួលវិញ នាងបានស្ទុះទៅចាប់ឱបប្តី និងដាច់ចិត្តនិយាយកាត់កេរ្តិ៍កាត់ខ្មាស សុំប្តីដេក១យប់ បែរជាប្តីឆ្លើយតាមបែបសោះអង្គើយថា “គ្មានអារម្មណ៍ទេ” ធ្វើឱ្យនាងនឹកខ្មាសខ្លួនឯងយ៉ាងខ្លាំង និងចាប់អារម្មណ៍សង្ស័យថា ប្តីច្បាស់ជាកំពុងបែកឆ្វេងមានស្រីថ្មីមិនខាន ទើបព្យាយាមតាមដានប្តីជាប់រហូត។

ស្ត្រីជាប្រពន្ធរូបនេះបន្តថា ក្រោយមកប្តីនាងចេះតែទាមទារសុំនាងលែងលះគ្នា ដោយលើកហេតុផលថា អស់ចិត្តស្រលាញ់ អស់និស្ស័យនឹងគ្នាទៀតហើយ ដោយគេបានសុំនាងទៅយកស្រីថ្មីត្រង់ៗតែម្តង លុះនាងសួរនាំថា ស្រីនោះជាអ្នកណា គេមិនព្រមនិយាយប្រាប់ទេ ចេះតែរំអុកសុំនាងលែងលះរហូត។

បន្ទាប់មកនាងក៏តាមដានដឹងថា ប្តីនាងកំពុងលួចទាក់ទងជាមួយនឹងនារីខារ៉ាអូខេម្នាក់ដែលជាអ្នកស្នាក់នៅបន្ទប់ជួលទល់មុខគ្នា ព្រោះប្តីនេះឧស្សាហ៍ចូលច្រៀងខារ៉ាអូខេនៅកន្លែងដែលនាងនោះ ធ្វើការខ្លាំងណាស់ ហើយធ្លាប់ត្រូវរ៉ូវគ្នារួមរ័កនៅក្នុងបន្ទប់ខារ៉ាអូខេទៀតផង គ្រាន់តែនាងតាមចាប់ភ័ស្តុតាងមិនបានតែប៉ុណ្ណោះ។ លុះពេលនាងតាមសួរនាំខាងស្រី បែរជាប្តីគំរាមអារកសម្លាប់នាងចោលទៀតផង ប្រសិនបើនាងហ៊ានរករឿងស្រីរបស់គេ។

ស្ត្រីជាប្រពន្ធបញ្ជាក់ថា លុះមកដល់វេលាទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នាងក៏ដេកចាំមើលផ្លូវប្តីត្រឡប់មកវិញ តែចាំបាត់ៗមិនឃើញប្តីមកសោះ តាមពិតប្តីបានទៅសម្ងំដេកក្នុងបន្ទប់ជាមួយស្រីស្នេហ៍គេនៅទល់មុខបន្ទប់គ្នានោះសោះ ដោយសូម្បីតែស្បែកជើងក៏គេយកទៅលាក់ក្នុងបន្ទប់ជួលដែរ ប៉ុន្តែគាប់ជួនពេលដែលប្តីបើកទ្វារចេញមកពីក្នុងបន្ទប់ស្រីនោះវិញ នាងក៏ស្ទុះចេញ ទៅទាន់ ទើបស្រែកឆោឡោហៅបងប្អូនមកជួយមើលឱ្យឃើញច្បាស់គ្រប់គ្នា ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងតែម្តង។

តាមបុរសជាប្តីប្រាប់ថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយស្ត្រីខាងលើរយៈពេលប្រមាណកន្លះខែមកហើយ ហើយរយៈពេលប្រមាណ៣ថ្ងៃមុន នាងស្រីអូន ដែលជាសង្សារក៏មានទំនាស់គ្នាជាមួយប្តី ហើយប្តីក៏បានលក់ម៉ូតូចែកគ្នានាំកូនទៅស្រុកអស់ ទើបនៅយប់កើតហេតុនោះខ្លួនបានចូលទៅក្នុងបន្ទប់ជួបសួរនាំនាងស្រីអូនថា បើលែងលះគ្នា សុខចិត្តរស់នៅជាមួយខ្លួនទេ? ស្រាប់តែប្រពន្ធទៅ ទាន់តែម្តង។

ដោយឡែកតាមសម្តីស្ត្រីឈ្មោះនៅ ស្រីអូន បានអះអាងថា សព្វថ្ងៃនាងមានប្តីនិងមានកូន២នាក់ក្នុងបន្ទុក ហើយក៏មិនទាន់បានលែងលះជាមួយនឹងប្តីនាងដាច់ស្រេចដែរ គ្រាន់តែកន្លងមកការរស់នៅចេះតែជួបរឿងរកាំរកូសមិនឈប់ ពិសេសកាលពីមុនពេលកើតហេតុប្រមាណ៣ថ្ងៃ ប្តីប្រពន្ធនាងបានឈ្លោះប្រកែកគ្នា រហូតដល់ប្តីនាងបាននាំកូនចេញទៅស្រុកអស់។

ចំណែករឿងទំនាក់ទំនងជាមួយនឹងបុរសឈ្មោះយឹម សីហា នេះ គឺនាងគ្រាន់តែមានចិត្តលើគ្នាប៉ុណ្ណោះ ហើយក៏មិនធ្លាប់បានជ្រុលជ្រួសអ្វីដែរ។ កន្លងមក ឈ្មោះយឹម​ សីហា ឧស្សាហ៍ទៅផឹកស៊ី ច្រៀងខារ៉ាអូខេនៅកន្លែងនាងធ្វើការមែន តែពួកគេតែងទៅជាក្រុមជាមួយនឹងបងប្អូនជីដូនមួយខាងប្រពន្ធគេ មិនដែលទៅម្នាក់ឯងនោះទេ ហើយរឿងដែលថា ពួកនាងធ្លាប់រួមរ័កគ្នាក្នុងបន្ទប់ខារ៉ាអូខេនោះ គឺមិនពិតឡើយ ព្រោះក្នុងបន្ទប់ខារ៉ាអូខេមានមនុស្សនៅច្រើនណាស់ មិនអាចធ្វើផ្តេសផ្តាសបានឡើយ។

ស្ត្រីរូបនេះបានបន្តថា ជាក់ស្តែងនៅយប់ថ្ងៃកើតហេតុនោះ គឺដំបូងឡើយ នាងស្នាក់នៅក្នុងបន្ទប់តែម្នាក់ឯង ព្រោះប្តីនាងបានចេញទៅស្រុកបាត់ហើយ រីឯឈ្មោះយឹម សីហា បានគោះទ្វារបន្ទប់នាង រួចចូលទៅសួរចិត្តនាងថា បើគេលែងប្រពន្ធដាច់យកគេបានអត់? ពេលនោះនាងក៏បានឆ្លើយប្រាប់វិញថា មិនអាចទេ ព្រោះទី១ គាត់ (យឹម សីហា) មិនទាន់លែងប្រពន្ធដាច់ ទី២ នាងមិនទាន់លែងលះប្តីដាច់នៅឡើយដែរ។

លុះឮនាងនិយាយបែបនេះ យឹម សីហា មិនបាននិយាយស្តីអ្វីទៀតទេ រួចក៏បានដើរចេញពីបន្ទប់មកក្រៅវិញ ស្រាប់តែរំពេចនោះក៏លេចមុខស្ត្រីជាប្រពន្ធ និងសាច់ញាតិរបស់នាងសម្រុកចូលមករករឿងចាប់បោចសក់នាងផ្អើលតែម្តង។

យ៉ាងណាក្តី ទាំងបុរសជាប្តី ទាំងស្ត្រីដែលរងការចោទប្រកាន់ថា ជាសហាយស្មន់ បានអះអាងថា យប់កើតហេតុនោះ ពួកគេមិនបានដេករួមរ័កជាមួយគ្នាទេ។ ដោយឡែក ស្ត្រីជាប្រពន្ធបានប្រកាន់ជំហរថា រឿងដល់ដំណាក់កាលនេះនាងមិនចង់បានប្តីមកវិញទេ ព្រោះប្តីក៏អស់ចិត្តពីនាងដែរ ហេតុនេះ នាងគ្រាន់តែចង់ឱ្យប្តីនិងស្រីសហាយនោះបង់ប្រាក់ឱ្យនាងគ្រាន់ទុកចិញ្ចឹមកូន ដោយកន្លងមក នាងធ្លាប់បោះសម្តីថា បើនាងព្រមលែងប្តី គេនឹងឱ្យលុយនាង៥ពាន់ដុល្លារ៕

RELATED ARTICLES