Monday, November 24, 2025
Homeព័ត៌មានជាតិចូលរួមមង្គលការរាំលេងសប្បាយ ស្រាប់តែបិទធុងបាស់កណ្តាលទី

ចូលរួមមង្គលការរាំលេងសប្បាយ ស្រាប់តែបិទធុងបាស់កណ្តាលទី

ខេត្តកំពង់ធំ ៖ យុវជនម្នាក់បានទៅចូលរួមមង្គលការកូនក្រមុំអ្នកជិតខាង លុះក្រោយពេលផឹកស៊ីស្រវឹងឡើងទៅរាំលេងយ៉ាងសប្បាយក្អាកក្អាយ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ដែលត្រូវជាភ្ញៀវខាងកូនកំលោះស្ទុះចូលមកចាក់ប្រហារ១កាំបិតលិចឆ្អឹងជំនីរ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។

ប៉ុន្តែអកុសល បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវគួរឱ្យសង្វេគ។ ចំណែកក្រុមជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកមμដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្នុងកម្មវិធីមង្គការមួយ ស្ថិតក្នុងភូមិចាន់ ឃុំច្រនាង ស្រុកតាំងគោក។

យុវជនរងគ្រោះដែលត្រូវគេចាក់សម្លាប់កណ្តាលវង់រាំក្នុងពិធីមង្គលការ មានឈ្មោះងិន ភារិន អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាអ្នកជិតខាងកូនក្រមុំ។

ចំណែកក្រុមជនដៃដល់ទាំង៤នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖

ទី១-ឈ្មោះឈីន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិអមទង ឃុំពង្រ ស្រុកតាំងគោក (រងរបួសជាំភ្នែកខាងស្តាំ)។

ទី២-ឈ្មោះកៅ ចន្តា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក (រងរបួសបែកចង្កា)។

ទី៣-ឈ្មោះយ៉ាន សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក (មិនមានរបួស)។

ទី៤-ឈ្មោះណាត ណាឡុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក (របួសបែកចិញ្ចើមខាងស្តាំ) ជាជនដៃដល់កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពតាំងគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅក្នុងភូមិឃុំខាងលើមានរៀបចំពិធីមង្គលការមួយដោយមានភ្ញៀវចូលរួមយ៉ាងអធិកអធម។ ក្នុងនោះជនរងគ្រោះឈ្មោះងិន ភារិន ដែលជាអ្នករស់នៅជិតខាងកូនក្រមុំក៏បានទៅចូលរួមផងដែរ ដោយបានជួបជុំផឹកស៊ីរហូតដល់ស្រវឹង រួចក៏នាំគ្នាឡើងរាំលេងយ៉ាងសប្បាយរីករាយ។

ប្រភពដដែលបន្តថា លុះពេលដែលជនរងគ្រោះខាងលើកំពុងរាំបទញ័រញាក់កន្ត្រាក់អារម្មណ៍ ស្រាប់តែក្រុមជនសង្ស័យខាងលើក៏បានយកវត្ថុមុខស្រួចចាក់ពីក្រោយចំឆ្អឹងជំនីរខាងស្តាំ បណ្តាលឱ្យជនរងគ្រោះរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅពាក់កណ្តាលផ្លូវ។

ដោយឡែក ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ករណីអំពើហិង្សាដោយចេតនាមានអាវុធ និងបក្សពួកផ្តើមចេញទំនាស់ក្នុងវង់រាំ។ ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

RELATED ARTICLES