Monday, November 24, 2025
Homeព័ត៌មានជាតិអធិការស្រុកកំចាយមារ និងបក្សពួក យកលុយជាង២លានដុល្លារ ឲ្យខ្យល់ទៅគេ

អធិការស្រុកកំចាយមារ និងបក្សពួក យកលុយជាង២លានដុល្លារ ឲ្យខ្យល់ទៅគេ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ស៊ីវ សុខុម អធិការនគរបាលស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកម៉ាន់ រចនា មន្ត្រីសុរិយោដីស្រុកកំចាយមារ ព្រមទាំងបក្ខពួក២នាក់ទៀត ត្រូវ បានលោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ ពីបទ“ឆបោក” ដែលមានចំនួនទឹកប្រាក់រហូតដល់ជាង២លានដុល្លារ តាមរូបភាពលក់ដីខ្យល់ជាង៤០០ហិកតារ។

ក្រោយការចោទប្រកាន់រួចហើយ លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងនេះឱ្យលោកកី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ដោយភ្ជាប់ការស្នើសុំដាក់ឱ្យស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នផងដែរ។

តាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា លោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ជាផ្លូវការលើឈ្មោះស៊ីវ សុខុម អាយុ៥៤ឆ្នាំ ជាអធិការនគរបាលស្រុកកំចាយមារ ឈ្មោះម៉ាន់ រចនា អាយុ៣៩ឆ្នាំ ជាមន្ត្រីសុរិយោដីស្រុកកំចាយមារ ឈ្មោះពិន សារន់ អាយុ ៥១ឆ្នាំ និងឈ្មោះគួន សុវណ្ណ អាយុ២៩ឆ្នាំ ពីបទ “ឆបោក” ប្រព្រឹត្តនៅចំណុចភូមិចម្ការចេក១ ឃុំគ្រញូង និងភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ តាមមាត្រា៣៧៧និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

ទោះបីយ៉ាងណា បច្ចុប្បន្នជនទាំង៤នាក់នេះកំពុងស្ថិតនៅក្រៅឃុំបណ្តោះអាសន្នដែលតុលាការកំពុងបន្តនីតិវិធី អាចឈានដល់ការចាប់ខ្លួននាពេលខាងមុខនេះ។

តាមអង្គហេតុ ពិតប្រាកដមួយបានបង្ហាញថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ និងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ឈ្មោះស៊ីវ សុខុម ឈ្មោះម៉ាន់ រចនា ឈ្មោះពិន សារន់ និងឈ្មោះគួន សុវណ្ណ បាន ចុះកិច្ចព្រមព្រៀងទិញលក់ដីជាមួយដើមបណ្តឹង ឈ្មោះតាំង ស៊្រីអ៊ុយ។

ក្នុងនោះ មានឈ្មោះណម តុង ឈ្មោះវ៉ែន វ៉ាន់យូ និងឈ្មោះឈុន អេង លើផ្ទៃដីសរុបចំនួន ៤១០,៤៦ហិកតារ ដែលមានទីតាំងទី១ មានទំហំសរុប២៣១,៤១ហិកតារ ស្ថិតនៅភូមិចំការចេក១ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ទីតាំងទី២ មានទំហំ១៧៩,០៥ហិកតារ ស្ថិតនៅភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង តាមតម្លៃដែលបានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀង។

ប្រភពព័ត៌មានដដែល បន្តថា ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងទិញលក់លើកទី១ រហូតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ភាគីអ្នកលក់ទាំង៤នាក់បានទទួលប្រាក់ជាបន្តបន្ទាប់ពីភាគីអ្នកទិញ គឺឈ្មោះតាំង ស៊្រីអ៊ុយ ឈ្មោះណម តុង ឈ្មោះវ៉ែន វ៉ាន់យូ និងឈ្មោះឈុន អេង សរុប ចំនួន២.០៣១.៣៨២ដុល្លារអាមេរិករួចហើយ តែភាគីអ្នកលក់ពុំមានដីប្រគល់ឱ្យភាគីអ្នកទិញឡើយ។

ទោះបីយ៉ាងណា នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០នេះ ពុំទាន់អាចសុំការបញ្ជាក់ពីភាគីដែលត្រូវចោទប្រកាន់ក្នុងបទឆបោកនេះបាននៅឡើយទេ៕

RELATED ARTICLES