ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែបែកគំនិតគិតខ្លីរត់ចូលទៅក្នុងបង្គន់ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្រុមទី១ ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះមាស ដំរ៉ុង អាយុ៤១ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានអង្គុយផឹកស្រារហូតដល់ស្រវឹងជោកជាំ លុះក្រោយមកក៏ដើរចូលទៅសម្ងំក្នុងបង្កន់បាត់ទៅ លុះក្រោយពីបាត់ជនរងគ្រោះយូរមិនឃើញចេញមកក្រៅវិញ ទើបមានអ្នកដើរទៅគោះទ្វារហៅតែមិនឮឆ្លើយ។

លុះច្រានទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកនឹងខ្សែនីឡុងពណ៌ស ចងជាប់នឹងមេទ្វាបង្គន់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីទាំងកើតហេតុ និងបានពិនិត្យ ធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ដោយប្រើខ្សែនីឡុងចងកជាប់នឹងមេទ្វារបង្គន់បណ្តាលឱ្យស្លាប់។ មូលហេតុជនរងគ្រោះស្រវឹងស្រា។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕