ភ្នំពេញ: បុរសម្នាក់ជាមន្ត្រីយោធាបានដកកាំភ្លើងបាញ់កង់ឡានរថយន្តបង្កបណ្តាលឲ្យបែកកង់ ខណៈដែលម្ចាស់រថយន្តនោះបានផឹកស៊ីស្រវឹង រួចបើកមកបុករថយន្តបុរសយោធា ហើយបានព្យាយាមបើករត់។

ហេតុការណ៍នេះកើតឡើង កាលពីយប់ថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បុរសមន្ត្រីយោធាមានឈ្មោះ ឡុង ឡងឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជិះរថយន្តម៉ាកសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-0009 ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកម្ចាស់រថយន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះរថយន្តកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AS-6421 អ្នកបើកបរស្រវឹង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម្ចាស់រថយន្តកូរ៉ូឡាផឹកស៊ីស្រវឹង ហើយបានបើករថយន្តមកដល់កន្លែងកើតហេតុ ហើយបានជ្រុលទៅបុករថយន្តម៉ាកសឺដេស បណ្ដាលឲ្យរងការខូចខាតខ្ទេចចំហៀងក្រោយខាងស្តាំ។

ប្រភពបានបន្ថែមថា ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបង្កមិនបានឈប់មកដោះស្រាយនោះទេ គឺព្យាយាមបើករត់គេច ធ្វើឲ្យម្ចាស់បើកបររថយន្តរងគ្រោះ ខឹងជាខ្លាំង បានបើកប្រដេញតាមទាន់ ក៏ដកកាំភ្លើងបាញ់កង់ឡានផ្ទុះ ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន និងដកហូតកាំភ្លើងម៉ាក ឡុក១ដើម។

បច្ចុប្បន្ន សមត្ថកិច្ចបានស្ទូចរថយន្តទាំង២គ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការដោះស្រាយគ្នា៕