Monday, November 24, 2025
Homeព័ត៌មានជាតិកូរទៀតហើយ!!! ខ្លាចប្រពន្ធខឹងមិនឲ្យចូលផ្ទះ ព្រោះតែ... រត់ទៅប្តឹងប៉ូលិស

កូរទៀតហើយ!!! ខ្លាចប្រពន្ធខឹងមិនឲ្យចូលផ្ទះ ព្រោះតែ… រត់ទៅប្តឹងប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់បានខ្ចីម៉ូតូប្អូនថ្លៃជិះទៅធ្វើការ លុះបែកគំនិតទៅលេងល្បែងចាញ់អស់លុយក៏យកម៉ូតូប្អូនថ្លៃទៅបញ្ចាំដើម្បីស្រង់ដើម តែចុងក្រោយចាញ់បោសគូទខោខ្លាចប្រពន្ធខឹង មិនដឹងដោះស្រាយយ៉ាងម៉េចបែរជារកវិធីដោះខ្លួនដោយធ្វើជាឆោឡោរត់ទៅប្តឹងសមត្ថកិច្ចថា មានគេដាក់ថ្នាំយកម៉ូតូ ទីបំផុតសមត្ថកិច្ចស្រាវជ្រាវទើបបែកធ្លាយថាជារឿងប្រឌិត។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសកំហូចដែលចាញ់ល្បែងអស់ពីខ្លួនយកម៉ូតូប្អូនថ្លៃទៅបញ្ចាំ អត់ហ៊ានចូលផ្ទះបែរជាប្រឌិតរឿងថាមានគេដាក់ថ្នាំយកម៉ូតូនេះ មានឈ្មោះធា រតនា អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ មានបុរសឈ្មោះ ធា រតនា បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ 1IC-4219 ទៅបាត់នៅតាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

ក្រោយពីទទួលពាក្យបណ្តឹងរួចហើយ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា គ្មានករណីដាក់ថ្នាំយកម៉ូតូដូចអ្វីដែលបុរសខាងលើបានប្តឹងនោះទេ តែម៉ូតូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថា ទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។

ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធនិងប្អូនថ្លៃ ក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់។

បន្ទាប់ពីបែកធ្លាយរឿងរ៉ាវអស់ បុរសខាងលើក៏បានចេញមុខមកសារភាពកំហុសនិងបានមកធ្វើការសុំទោសចំពោះមុខសមត្ថកិច្ច នូវរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្ថកិច្ច និងអះអាងថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូទេ តែជារឿងដែលខ្លួនបានប្រឌិតឡើងប៉ុណ្ណោះ៕

RELATED ARTICLES