Monday, November 24, 2025
Homeព័ត៌មានជាតិគ្រាន់តែម៉ូតូកង់៣ ចេញបាត់ នាំគ្នាភ្ញាក់ផ្អើលពេញវត្តសារ៉ាវ័ន្ត

គ្រាន់តែម៉ូតូកង់៣ ចេញបាត់ នាំគ្នាភ្ញាក់ផ្អើលពេញវត្តសារ៉ាវ័ន្ត

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវម៉ូតូកង់បី១គ្រឿង ដឹកយមកទម្លាក់ចោលនៅក្នុងវត្ត រួចក៏ចាកចេញទៅវិញបាត់ទៅ លុះអ្នកនៅក្នុងវត្តប្រទះឃើញក៏ជួយក្រាលកន្ទេលដាក់ឱ្យបុរសចំណាស់រូបនោះសម្រាកនៅក្រោមម្លប់ឈើ ស្រាប់តែរំពេចនោះ ជនរងគ្រោះក៏ត្រដរខ្យល់ស្លាប់ភ្លាមៗមួយរំពេច។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវត្តសារ៉ាវ័ន្ត ផ្លូវ១៧៨ ក្រុម៣៦ ភូមិ៩ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ។

សាកសពបុរសចំណាស់រងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៦០ឆ្នាំ។

តាមការបំភ្លឺពីឈ្មោះកឹម សាវ៉ែល ភេទប្រុស មុខរបររត់ម៉តូឌុប ស្នាក់នៅផ្ទះជួល សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ២០២០ ខណៈដែលគាត់កំពុងអង្គុយចាំដឹកភ្ញៀវនៅក្នុងវត្តសារ៉ាវ័ន្ត ក៏ឃើញម៉ូតូកង់បីពណ៌ក្រហម១គ្រឿង បានដឹកបុរសចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៦០ឆ្នាំ ចូលមកក្នុងវត្ត។

បន្ទាប់មកអ្នកបើកម៉ូតូកង់បីនោះបានឈប់នៅជិតដើមជម្ពូ រួចក៏លើកលោកតាចាស់ចុះពីលើកង់បី ដាក់ក្រោមដើមជម្ពូ និងកង់មួយគ្រឿងរបស់ជនរងគ្រោះដាក់នៅជិតនោះដែរ បន្ទាប់មកអ្នកបើកម៉ូតូកង់បីក៏ជិះចេញទៅវិញបាត់ទៅ។

ប្រភពដដែលបន្តថា លុះឃើញបុរសចំណាស់រូបនោះដើរពុំរួច គាត់និងអ្នកនៅក្នុងវត្តក៏ជួយលើកបុរសចំណាស់រូបនោះមកដាក់ក្រោមដើមស្វាយ ព្រមទាំងយកកន្ទេលមួយក្រាលឱ្យគាត់ដេក មួយសន្ទុះក្រោយមកបានឃើញគាត់មានអាការៈដកចង្កាមាន់ ពេលនោះមានយាយជីនៅក្នុងវត្តយកទៀនធូបដាក់ឱ្យ ស្រាប់តែបន្តិចក្រោយមកបុរសចំណាស់រូបនោះក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបរាយការណ៍ឱ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍តែម្តង។

តាមការពិនិត្យនិងសន្និដ្ឋាន សពស្លាប់ដោយសារគាំងបេះដូង។ សម្ភារសពមានកង់ចាស់ (កង់ខ្មែរ) ចំនួន១គ្រឿង បានផ្ញើទុកក្នុងវត្តសារ៉ាវ័ន្ត។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានដឹកសពយកទៅតម្កល់និងបូជានៅវត្តទួលសត្តវ័ន្ត ហៅវត្តទួលអស់លោក នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ៕

RELATED ARTICLES