ភ្នំពេញ ៖ កម្លាំងនគរបាលជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនបុរសជាជនជាតិចិនម្នាក់ ដែលបានប្រើមធ្យោបាយតាមប្រព័ន្ធអនឡាញ ដើរបោកយកលុយពីអ្នកដទៃអស់ជាច្រើន និងត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវអស់រយៈពេលប្រមាណ៣ខែមកហើយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ CHEN CHEN អាយុ៣២ឆ្នាំ ស្នាក់នៅចំណុចបុរីថៃឈុនគ្រី ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះប្តឹងទៅលើឈ្មោះ CHEN CHEN ខាងលើនេះ ដែលបានទម្លាយឯកសារការសម្ងាត់របស់ក្រុមហ៊ុន (ក្រុមហ៊ុនរបស់ជនរងគ្រោះខាងលើ) និងប្រើប្រាស់អ៊ីមែលរបស់ក្រុមហ៊ុនបោកយកលុយជាច្រើនពីអ្នកដទៃ ដើម្បីបំបាត់ផលប្រយោជន៍និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

ដោយមានបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានដីកាបញ្ជាឱ្យចូលខ្លួនពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវនិងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ CHEN CHEN អាយុ៣២ឆ្នាំ នៅចំណុចបុរីថៃឈុនគ្រី ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
រួចនាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕