ភ្នំពេញ ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើឃាត់ជនសង្ស័យជាជនបរទេសស្បែកខ្មៅម្នាក់ពីបទឆបោកតាមប្រព័ន្ធបណ្តាញសង្គម Instagram នៅចំណុចផ្ទះជួលលេខ13Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះ Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរកីឡាករបាល់ទាត់ ស្នាក់នៅផ្ទះជួលលេខ13Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានសហការជាមួយ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ជនសង្ស័យឈ្មោះ Hama Dou Abdou ពីបទឆបោក តាមប្រព័ន្ធបណ្តាញសង្គម Instagram យោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះសៀង ភុជគាវ និងឈ្មោះមុន្នី ដារីកា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រភពដដែលបន្តថា តាមការអះអាងរបស់ជនរងគ្រោះបានឱ្យដឹងថា ដំបូងឡើយ ជនសង្ស័យបានផ្ញើសារទៅកាន់ជនរងគ្រោះតាមរយៈប្រព័ន្ធបណ្តាញសង្គម (Instagram) ដោយសុំរាប់អានគ្នា ក្រោយមកជនសង្ស័យបានប្រើល្បិចផ្ញើសម្លៀកបំពាក់ ទូរស័ព្ទដៃ និងប្រាក់មួយចំនួន ដើម្បីយកទៅបរិច្ចាគឱ្យមនុស្សចាស់និងក្មេងកំព្រា។

បន្ទាប់មកជនសង្ស័យក៏បានបន្លំធ្វើជាក្រុមហ៊ុនផ្ញើអីវ៉ាន់ រួចទូរស័ព្ទប្រាប់ជនរងគ្រោះថា មានអីវ៉ាន់ផ្ញើរពីក្រៅប្រទេស ហើយតម្រូវឱ្យជនរងគ្រោះផ្ញើប្រាក់តាមវីងជាបន្តបន្ទាប់ រហូតដល់ទៅ៧៣០០ដុល្លារ ទើបជនរងគ្រោះដឹងថា ចាញ់បោកគេក៏បានទៅដាក់ពាក្យបណ្តឹងរហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់បានជនសង្ស័យខាងលើនៅចំណុចផ្ទះជួលរបស់ជនសង្ស័យតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត៕