ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់បានលួចម៉ូតូរបស់ថៅកែខ្លួនឯង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បើកគេចខ្លួនទៅខេត្តកំពត។
លុះកន្លះខែក្រោយមក ជាដៃដន្យជនរងគ្រោះឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូនៅទីរួមខេត្តកំពត ក៏ប្តឹងនគរបាលខេត្តកំពត ចាប់ខ្លួន រួចបានប្រគល់ឱ្យនគរបាលខេត្តកណ្តាល ចាត់ការតាមច្បាប់។ ករណីនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទីរសៀល នៅត្រង់ចំណុចក្នុងទីរួមខេត្តកំពត។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនសង្ស័យឈ្មោះមៀច ចេក ហៅភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ចំណែកជនរងគ្រោះឈ្មោះសំ សុវីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានលំនៅបច្ចុប្បន្នភូមិបារគូ ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ចំណែកវត្ថុតាងដកហូតបានម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវសេ១០០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល 1AH-0072 (របស់ជនរងគ្រោះ)។
ប្រភពដដែលបន្តថា ជនសង្ស័យគឺជាកម្មករលក់ពូកក្នុងឃ្លាំងឱ្យជនរងគ្រោះ លុះមកដល់ថ្ងៃ០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ជនសង្ស័យក៏បានលួចយកម៉ូតូខាងលើជិះចេញទៅបាត់។ លុះជាងកន្លះខែក្រោយមក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២រសៀល ជនរងគ្រោះបានឃើញជនសង្ស័យកំពុងអង្គុយលើម៉ូតូក្នុងទីរួមខេត្តកំពត ក៏បានទៅប្តឹងសមត្ថកិច្ចក្រុងកំពត ឱ្យឃាត់ខ្លួនជនសង្ស័យតែម្តង។

បន្ទាប់មក សមត្ថកិច្ចក្រុងកំពត បានប្រគល់ជនសង្ស័យ និងវត្ថុតាងជូនកម្លាំងផ្នែកជំនាញនៃអធិការដ្ឋានស្រុកកណ្តាលស្ទឹង រួចបានបញ្ជូនជនសង្ស័យមកអធិការដ្ឋាន ចាត់ការបន្តតាមនីតិវិធី៕