Monday, November 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ផ្ទុះការភ្ញាក់ផ្អើល បើកហ្វេសប៊ុក ឃើញលោកសង្ឃទេសនា​ច្រៀងបទ "ចាបយំល្វើយៗ"

សម្តេចហ៊ុន សែន ផ្ទុះការភ្ញាក់ផ្អើល បើកហ្វេសប៊ុក ឃើញលោកសង្ឃទេសនា​ច្រៀងបទ “ចាបយំល្វើយៗ”

នៅក្នុងពិធីអញ្ជើញចូលរួមពិធីសម្ពោធផ្លូវជាតិ៥៨ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ទុះការភ្ញាក់ផ្អើល និងលើកជាចម្ងល់ថា លោកសង្ឃឥឡូវចេះច្រៀងបទ “ចាបយំល្វើយៗ” Live លើ Facebook ទៀត តើត្រូវឬខុស?

សម្តេចហ៊ុន សែន បានថ្លែងថា “នៅពេលដែលសម្តេចឡើងឧទ្ធម្ភាគចក្រដើម្បីមកចូលរួមពិធីសម្ពោធផ្លូវនេះ សម្តេចបានទាញទូរស័ព្ទស្តាប់កាសស្តាប់ចម្រៀង ហោះកាត់តែភ្នំពេញ ផុតតែភ្នំពេញ អត់ដឹងខ្លួនសោះ ស្រាប់តែពេលភ្ញាក់ឡើង ឧទ្ធម្ភាគចក្រកំពុងនៅលើព្រលានយន្តហោះខេត្តបាត់ដំបង ទៅហើយ អីចឹងអត់បានមើលដីខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ និងមួយផ្នែក ដូចជា គាស់ក្រឡ រុក្ខគិរី មោងឬស្សី ទេ ចាប់ផ្តើមមកភ្ញាក់នៅឯណេះ ដោយសារដេកបាន ។

សម្តេចហ៊ុន សែន បន្តថា “ហើយទៅវិញប្រាកដជាដេកទៀតហើយ ព្រោះតែឧទ្ធម្ភាគចក្រវាលាន់ឮសំឡេងដែរ ដាក់ចម្រៀងចូលត្រចៀកតែម្តងទៅ ដើម្បីស្តាប់ចម្រៀងចាបយំល្វើយៗ… តេជគុណនៅពេលដែលកូណាខ្ញុំ ថ្ងៃខានស្អែកត្រូវទៅស្រោចសុគន្ធវារី ជូនសម្តេចសង្ឃទើបឡើងថ្មី សម្តេចសង្ឃនាយករងទី១ សម្តេចសង្ឃនាយករងទី២  សម្តេចសង្ឃនាយករងទី៣ ប្រគេនព្រះសង្ឃទាំង៣ព្រះអង្គ”។

សម្តេចបានលើកជាចម្ងល់ថា “ថ្ងៃមុនបើកហ្វេសប៊ុក ស្រាប់តែឃើញលោកចេះច្រៀង ទេសនាច្រៀងចាបយំល្វើយៗ រួចហើយមានចម្រៀងណាបន្តទៀត អស់ទាស់តែម្តងតេជគុណ មិនដឹងថាយ៉ាងម៉េចឥឡូវ ទៅជាឥឡូវទេសនា ចាប់ផ្តើមឲ្យតែឡើងដល់គ្រែទេសនា គិតតែរឿងនិយាយកំប្លែងតែម្តង ហើយយើងអត់មិនបាន ក៏សើចនឹងគេដែរ ប៉ុន្តែត្រូវឬអត់?”។

សម្តេចបានបញ្ជាក់ថា “ប៉ុន្តែកូណាខ្ញុំមិនទាន់និយាយដល់ទេ គ្រាន់តែរំឮកថាបានស្តាប់ច្រៀងដែរ ចាប់យំល្វើយៗ (សើច)… ចាបយំល្វើយៗ ហ្នឹង គឺអ្នកនៅសុរិន្ទ ចេញពីសុរិន្ទ អាហ្នឹងល្បី បទចាបយំល្វើយៗ វាល្បីដោយសារកំពុងតែស្រែកច្រៀងចាបយំល្វើយៗ វាបាក់រោង ចឹងវាល្បីបណ្តោយ”។

គួរបញ្ជាក់ថា បទ “ចាបយំល្វើយៗ” ច្រៀងដោយលោកចាន់ មករា តារាចម្រៀងខ្មែរសុរិន្ទ។ បទចម្រៀងមួយនេះបានធ្វើឲ្យមហាជនជាច្រើនតាមងពីក្មេងរហូតដល់ចាស់និយមស្តាប់សឹងគ្រប់គ្នា ហើយត្រូវបានគេយកទៅចាក់ច្រៀងរាំសឹងគ្រប់កម្មវិធីទាំងអស់៕

RELATED ARTICLES