ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ឆ្លៀតពេលឃើញមហាជនមួយចំនួនកំពុងព្រួយបារម្ភជុំវិញឥទ្ធិពលវីរុសកូរ៉ូណា (COVID-19) រហូតធ្វើឱ្យតម្រូវការម៉ាសមានការកើតឡើង ព្រមទាំងកើនតម្លៃផងនោះ ក៏បែកគំនិតបង្កើតគណនីហ្វេសប៊ុកចំនួន៣ រួចប្រកូកប្រកាសតាំងខ្លួនជាអ្នកលក់ម៉ាសក៍បោះដុំ លុះមានអតិថិជនទាក់ទងទិញម៉ាសក៍ច្រើន ក៏តម្រូវឱ្យគេផ្ញើលុយមកឱ្យខ្លួនមុន សរុបបានប្រមាណជាង៤ម៉ឺនដុល្លារ លុះលុយដល់ដៃក៏ព្យាយាមរត់គេចខ្លួន ទីបំផុតក៏ត្រូវក្រុមជនរងគ្រោះតាមរកមុខឃើញចាប់ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នារីជាជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរឿងលក់ម៉ាសក៍បោកប្រាស់គេនេះ មានឈ្មោះអ៊ឹង ហ្គិចហួង អាយុ២១ឆ្នាំ។ ជនសង្ស័យរូបនេះត្រូវបានក្រុមអ្នកទិញម៉ាសក៏ចាប់យកមកប្រគល់ឱ្យសមត្ថកិច្ច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ និងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ទោឡេង ប៊ុនហួរ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ថា ការឃាត់ខ្លួននារីសង្ស័យខាងលើនេះធ្វើឡើងតាមពាក្យបណ្តឹងពីជនរងគ្រោះ ចំនួន៦នាក់ ហើយខាងក្រុមជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យបានយកមកប្រគល់ឱ្យសមត្ថកិច្ចដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលតែម្តង ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ទោ ឡេង ប៊ុនហួរ បញ្ជាក់ថា ជនរងគ្រោះបានប្តឹងនារីរូបនេះពីបទឆបោក ដោយនារីរូបនេះបានយកប្រាក់កក់ថ្លៃទិញម៉ាសក៍ពីជនរងគ្រោះជាមុន ប៉ុន្តែដល់ថ្ងៃកំណត់ បែរជាគ្មានម៉ាសក៍ឱ្យជនរងគ្រោះដែលជាអ្នកទិញទៅវិញ ដោយជនសង្ស័យបានបង្កើតគណនីហ្វេសប៊ុកចំនួន៣ ដើម្បីឆបោកគេ ដោយបានដើរតួជាម្ចាស់ម៉ាសក៍ និងថាខ្លួនមានម៉ាសក៍ច្រើនសម្រាប់លក់ដុំ ហើយឱ្យជនរងគ្រោះផ្ញើលុយតាមវីង បន្ទាប់ពីទទួលបានលុយហើយជនសង្ស័យគេចខ្លួន។

ប៉ុន្តែដោយជនរងគ្រោះតាមរកឃើញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានឃាត់ខ្លួនយកមកប្រគល់ឱ្យសមត្ថកិច្ចជំនាញ ដើម្បីចាត់ការតាមច្បាប់តែម្តង។
តាមការបញ្ជាក់ពីសមត្ថកិច្ច សរុបជនរងគ្រោះទាំង៦នាក់ ត្រូវខាតបង់ទឹកប្រាក់ពីករណីឆបោកនេះ មានចំនួនជាង៤៥០០០ដុល្លារឯណោះ៕