ខេត្តព្រៃវែង ៖ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការឃាត់រថយន្តដឹកស៊ុតទា (ពងទា) សរុបចំនួន៣៤៦០០គ្រាប់ ដោយពុំមានលិខិតអនុញ្ញាត និងបានដឹកចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកស្វាយអាង៉ោង ភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីល្ងាចនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់បាននៅចំណុចផ្លូវលេខ១០៣ ភូមិថ្កូវ ឃុំថ្កូវ ស្រុកកំពង់ត្របែក។

លោកហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចុះឃាត់រថយន្តដឹកពងទានេះ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យក្រុមក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះស្ទាក់ចាប់រថយន្ត១គ្រឿងដឹកស៊ុតទាចំនួន៣៤៦០០គ្រាប់ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកចេញពីប្រទេវៀតណាម ចូលមកកម្ពុជាតាមច្រកស្វាយអាង៉ោង។

បច្ចុប្បន្នក្រុមការងារបានបញ្ជូនបទល្មើស និងវត្ថុតាងទាំងនេះ ទៅកាន់ចត្តាឡីស័ករបស់អគ្គនាយកដ្ឋាន ដើម្បីចាត់ការទៅតាមនីតិវិធី៕
