ភ្នំពេញ ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ទាំងព្រឹកព្រលឹម ខណៈដែលម្ចាស់ផ្ទះនៅមិនទាន់ភ្ញាក់ពីដំណេកនៅឡើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រ ជញ្ជាំងថ្មក្រោមលើឈើ ប្រក់ស័ង្កសី មានម្ចាស់ឈ្មោះគង់ សុខលីន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើធ្យូងអនាម័យជាមួយអង្គការ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះបានរៀបរាប់ប្រាប់ថា ដំបូងឡើយខណៈដែលក្រុមគ្រួសារគាត់កំពុងដេកលង់លក់នៅមិនទាន់ភ្ញាក់ពីដំណេកនៅឡើយ ស្រាប់តែពេលគាត់បើកភ្នែកឡើងក៏ឃើញភ្លើងកំពុងឆេះផ្ទះរបស់គាត់ខាងលើ ធ្វើឱ្យគាត់ស្រែកឆោឡោដាស់គ្រួសារបស់គាត់ឱ្យភ្ញាក់ឡើង ក៏នាំគ្នារត់ចេញពីភ្លើងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងមកជួយ និងរាយការណ៍ទៅសមត្ថកិច្ចបានហៅរថយន្តពន្លត់អគ្គិភ័យចុះមកកន្លែងកើតហេតុជាបន្តបន្ទាប់ចំនួន៩គ្រឿងបានបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃដដែល។

ម្ចាស់ផ្ទះខាងលើបានបញ្ជាក់ប្រាប់ថា គ្រោះអគ្គិភ័យខាងលើនេះបានបង្កឱ្យរងការខូចខាតសម្ភារ និងទ្រព្យសម្បត្តិរបស់គាត់ រួមមាន ផ្ទះ១ខ្នងទាំងស្រុង រួមនឹងសម្ភារក្នុងផ្ទះទាំងអស់ ពោលគឺយកបានតែម៉ូតូមួយគ្រឿងតែប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងមកជួយអន្តរាគមន៍ភ្លាមៗ និងបានប្រើប្រាស់ទឹកអស់ចំនួន៦គ្រឿង។ ចំណែកមូលហេតុតាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា គឺសង្ស័យឆ្លងចរន្តអគ្គិសនីឆេះពូករបស់គាត់ឆេះយ៉ាងសន្ធោសន្ធៅ៕