Monday, November 24, 2025
Homeព័ត៌មានជាតិសុំច្រៀងបទស្លូវ បានត្រឹមតែមួយឃ្លា ម្ចាស់ដើមការឃាត់ ខ្លាចខានបានរាំ

សុំច្រៀងបទស្លូវ បានត្រឹមតែមួយឃ្លា ម្ចាស់ដើមការឃាត់ ខ្លាចខានបានរាំ

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស៊ីក្នុងពិធីមង្គលការស្រវឹងជោកជាំ ក៏កុម្មង់បទស្លូវច្រៀង លុះក្រុមតន្ត្រីទើបនឹងប្រគំឱ្យច្រៀងបានតែ១ឃ្លា ក៏ត្រូវម្ចាស់ដើមការមកឃាត់ក្រុមភ្លេងឱ្យលេងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍វិញ ទើបក្រុមតន្ត្រីធ្វើតាមតម្រូវការម្ចាស់ដើមការ ស្រាប់តែធ្វើឱ្យបុរសរូបនោះផ្ទុះកំហឹងស្ទុះទៅវាយអ្នកភ្លេងនិងវាយបំផ្លាញឧបករណ៍តន្ត្រី បណ្តាលឱ្យរងការខូចខាត ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់អូសកនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះម្ចាស់ដើមការឈ្មោះមិត្ត ម៉េង ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ។

ជនរងគ្រោះចំនួន២នាក់ រួមមាន ៖

ទី១-ឈ្មោះញ៉ឹប សឿង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ក្រុមតន្ត្រីសម័យ ម៉ី ខន មានលំនៅក្នុង ភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ (ខូចខាតឧបករណ៍ភ្លេងមួយចំនួន)។

ទី២-ឈ្មោះវើត ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករក្រុមតន្ត្រីសម័យ ម៉ី ខន មានលំនៅក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ (រងរបួសជាំក្បាល និងដងខ្លួន)។

ចំណែកជនសង្ស័យ មានឈ្មោះសឹម ភា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ។ សម្ភារខូចខាត អេហ្វិចចំនួន១គ្រាប់ LED ចំនួន១ផ្ទាំង  អកចុចចំនួន២ដើម មីក្រូហ្វូនចំនួន២គ្រាប់ និងទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក iPhone X ១គ្រឿង និង oppo ១គ្រឿង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមតន្ត្រីសម័យ (អកកេះ) ម៉ី ខន ត្រូវបានឈ្មោះមិត្ត ម៉េង ដែលជាម្ចាស់ដើមការ បានជួលទៅប្រគុំក្នុងកម្មវិធីការកូន ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ។

ក្រុមតន្ត្រីសម័យបានប្រគំច្រៀងរាំកំដរភ្ញៀវជាធម្មតា រហូតដល់វេលាម៉ោង១០និង៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះសឹម ភា និងឈ្មោះគូ វី ភេទប្រុស បានសំណូមពរច្រៀងបទចង្វាក់ស្លូវ១បទ នៅពេលនោះឈ្មោះគូ វី ច្រៀងទើបតែបានមួយឃ្លា ក៏ស្រាប់តែម្ចាស់កម្មវិធីបានប្រាប់ឱ្យខាងក្រុមតន្ត្រីបញ្ឈប់ការច្រៀង ដោយឱ្យប្តូរជាច្រៀងចម្រៀងបែបចង្វាក់ញាក់សប្បាយៗវិញ ព្រោះជិតចប់កម្មវិធីទៅហើយ។

បន្ទាប់មកស្រាប់តែឈ្មោះសឹម ភា ដែលស្រវឹងស្រាជោកជាំបានខឹងសម្បារ រួចទៅវាយកម្មករក្រុមតន្ត្រីឈ្មោះវើត ធី បណ្តាលឱ្យរងរបួសពេញខ្លួន រួចបានវាយបំផ្លាញឧបករណ៍តន្ត្រីបណ្តាលឱ្យខូចខាតអស់មួយចំនួនធំថែមទៀតផង។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ សឹម ភា ក៏បានគេចខ្លួនបាត់ទៅ។ ដោយឡែកជនរងគ្រោះឈ្មោះវើត ធី ត្រូវបានខាងក្រុមតន្ត្រីបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជននៅស្រុកកោះធំ លុះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្រោយពីទទួលបានបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ឈើខ្មៅ សហការជាមួយកម្លាំងជំនាញស្រុក បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ តែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននរគរបាលស្រុកដើម្បីចាត់កាបន្តតាមនីតិវិធី៕

RELATED ARTICLES